ភ្នំពេញៈ ទីបំផុតលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវតុលាការកាត់ទោសជាផ្លូវការហើយ ក្រោមការឃ្លាំមើលពីសំណាក់មេធាវីរដ្ឋាភិបាល លោក គី តិច និងមេធាវីលោក សម រង្ស៊ី គឺលោក សំ សុគង់។
តាមសេចក្តីរាយការណ៍ពីមន្រ្តីតុលាការ នៅមុននេះបន្តិច លោក សម រង្ស៊ី អាឌិតប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូល ទើបរំលាយកាលពីពេលថ្មីៗ ត្រូវតុលាការក្រុងភ្នំពេញកាត់ទោសជាផ្លូវការហើយ នៅម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ធ្នូ ២០១៧នេះ ក្រោមចំណាត់ការព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សៀង សុខ និងចៅក្រមស៊ើបសួរលោក ហេង សុខណា។
លោក សម រង្ស៊ី ត្រូវចៅក្រមស៊ើបសួរ សម្រេចកាត់ទោស ពីបទបរិហាកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី បានបរិហាកេរ្តិ៍នៅទីក្រុងបារីស ប្រទេសបារាំង កាលពីថ្ងៃទី១៤ មករា ២០១៧ ដោយចោទសម្ដេច ហ៊ុន សែន ថា សូកលុយកញ្ញា ធី សុវណ្ណថា អតីតប្រធានយុវជនសកម្មនៅបក្សប្រឆាំង១លានដុល្លារ។
មន្រ្តីតុលាការបានប្រាប់ថា លោក សម រង្ស៊ី ត្រូវព្រះរាជអាជ្ញារង សៀង សុខ ចោទពីបទបរិហាកេរ្តិ៍ជាសាធារណៈ ហើយចៅក្រមសម្រេចកាត់ទោស ដោយពិន័យជាប្រាក់១០លានរៀលចូលរដ្ឋ និងទាមទារឲ្យសងជំងឺចិត្ត៤ពាន់លានរៀល ស្មើនឹង១លានដុល្លារទៅឲ្យនាកយរដ្ឋមន្រ្តី។
សូមបញ្ជាក់ថា លោក គី តិច មេធាវីតំណាងដោយអាណត្តិសម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងប្តឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។
ក្នុងពាក្យបណ្តឹង បានបញ្ជាក់ថា សុំប្តឹងឈ្មោះ សម រង្ស៉ី ចំពោះសម្ដីរបស់គាត់ ដែលបាននិយាយក្នុងវេទិកាជាសាធារណៈមួយ នាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧កន្លងទៅ។ នៅក្នុងវេទិកានោះ ឈ្មោះ សម រង្ស៊ី បាននិយាយថា " ចុះ ហ៊ុន សែន សូក ធី សុវណ្ណថា ១លានដុល្លារ ម៉េចអាណាធ្វើអី ហ៊ុន សែន ផង?.... ១លានដុល្លារ និយាយលុយនោះ លុយពុករលួយ... សូកឲ្យមនុស្សធ្វើអាក្រក់ ថាឲ្យវាយប្រហារ ឲ្យរករឿងគណបក្សសង្គ្រោះជាតិ ឲ្យធ្វើបាតុកម្ម ជួលនេះ ជួលនោះ ប្រើមួយលានដុល្លារ ពុករលួយ..."។ វិដេអូ ដែលមានសម្ដីនេះត្រូវបានធ្វើការផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយនៅក្នុងបណ្តាញសង្គម Facebook ដូចជាទំព័រ Facebook ឈ្មោះ MJ CNRP France និងតាមទំព័រ Facebook ឈ្មោះ Social Breaking News-SBN។ វិដេអូនេះ ក៏ត្រូវបានទទួលស្គាល់ផងដែរ ក្នុងទំព័រ Facebook ផ្លូវការឈ្មោះ Sam Rainsy។
ក្នុងពាក្យបណ្តឹង បានបញ្ជាក់ទៀតថា អំពើដែលលោក សម រង្ស៊ី បានប្រព្រឹត្ត គឺជាការអះអាងបំផ្លើស និងជាការទម្លាក់កំហុសដោយអសុទ្ធចិត្តដោយបានចោទប្រកាន់មួលបង្កាច់ផ្ទុយពីការពិត ក្នុងចេតនាទុច្ចរិតបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់កិត្តិយស និងកិត្តិស័ព្ទរបស់សម្តេចតេជោ។
អំពើខាងលើនេះ ក៏ត្រូវបានផ្សព្វផ្សាយបន្តក្នុងចំណោមសាធារណជនតាមបណ្តាញទំនាក់ទំនងសង្គម Facebook។ អំពើនេះ មានធាតុផ្សំគ្រប់គ្រាន់ដើម្បីកំណត់ជាបទ បរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
ដោយយោងលើវិដេអូខាងលើនេះ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានប្តឹងដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នើធ្វើការចោទប្រកាន់ និងផ្តន្ទាទោសលោក សម រង្ស៊ី តាមមាត្រា៣០៥ និងមាត្រាដទៃទៀត តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នា ដើមបណ្ដឹងក៏ទាមទារឲ្យលោក សម រង្ស៊ី សងសំណងជំងឺចិត្តដល់សម្តេចតេជោ ហ៊ុន សែន ចំនួន៤.០០០.០០០.០០០(បួនពាន់លាន)រៀល។
លោកមេធាវី សំ សុគង់ និងលោកមេធាវី ជូង ជូងី មេធាវីការពេរផ្លូវច្បាប់ឲ្យលោក សម រង្ស៊ី មិនអាចទាក់ទងបានសុំសេចក្ដីបញ្ជាក់បានទេ នៅថ្ងៃទី២១ ខែធ្នូនេះ៕

