
អង្គការអន្តរជាតិ ឃ្លាំមើលអាវុធ (Conflict Armament Research - CAR) បានបង្ហើបព័ត៌មានថា បរិក្ខារយោធារបស់សហរដ្ឋអាមេរិកដែលផ្ដល់ឱ្យក្រុមប្រឆាំងស៊ីរី កន្លងមកបានធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ក្រុម ISISទៅហើយ ដែលមើលទៅហាក់ដូចជា ក្បាលម៉ាស៊ីនយោធារបស់អាមេរិក លួចបើកដៃឱ្យក្រុម ISIS ដូច្នោះដែរ។
ក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន Sputnik ចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧ នេះ លោកស្រី Sheehan មន្ត្រី (CAR) បានថ្លែងថា វាហាក់ដូចជាទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA មានបំណងប្រគល់អាវុធឱ្យពួក ISIS … ហើយម្យ៉ាងវិញទៀត ខ្ញុំគិតថា នេះជាផែនការបង្កអស្ថេរភាព នៅតាមប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីងាយស្រួលគ្រប់គ្រង ឬប្រមូលប្រភពធនធានពីប្រទេសទាំងនោះ។

បើតាមលោកស្រី Sheehan ឱ្យដឹងថា អាវុធជាង ៤០,០០០ដើម (ច្រើនប្រភេទ) ត្រូវបានគេរកឃើញនៅទីតាំងដែលពួក ISIS ធ្លាប់ធ្វើមូលដ្ឋាន ចាប់តាំងពីឆ្នាំ២០១៤ មក , ហើយអាវុធទាំងនេះទៀតសោត ភាគច្រើនត្រូវបានលក់ ឬផ្ដល់ឱ្យក្រុមប្រឆាំងស៊ីរី។

លោកស្រី បញ្ជាក់ថា CIA ក៏ធ្លាប់បានដឹកនាំបេសកកម្មសំងាត់បែបនេះផងដែរ ក្នុងតំបន់អាមេរិកឡាទីន នៅអំឡុងឆ្នាំ១៩៨០ ដើម្បីគាំទ្រដល់ក្រុមប្រឆាំងកុម្មុយនីស្ដ នៅក្នុងប្រទេសនីហ្គារ៉ាហ្គ័រ៕


