
ភ្នំពេញៈ តាមរយៈរបាយការណ៍ស្តីពីការពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់ស្គាល់ថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជាការបញ្ជៀសទាន់ពេលវេលា នូវគ្រោះមហន្តរាយសម្រាប់ជាតិ និងប្រជាពលរដ្ឋ ហើយនាំមកនូវសុខសន្តិភាពជូនប្រទេសកម្ពុជា។
ក្នុងសន្និបាតប៉ុស្ដិ៍នគរបាលទូទាំងប្រទេស លើកទី២ និងការអនុវត្តការងារនគរបាល និងសហគមន៍ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយនូវរបាយការណ៍ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០១៧ថា មានលក្ខណៈល្អប្រសើរ បើទោះបីជាមានសកម្មភាពញុះញង់ បង្កើតឲ្យមានកូដកម្ម បាតុកម្មតវ៉ាប្រឆាំងពីសំណាក់ក្រុមអគតិជ្រុលនិយម ក្នុងចេតនាបំពុលបរិយាកាសនយោបាយ និងសន្តិសុខសង្គមក្តី ក៏បញ្ហាទាំងនោះ ត្រូវបានដោះស្រាយដោយសន្តិវិធី ដោយទប់ស្កាត់បាននូវអំពើហិង្សា និងបង្រួមទំនាស់មិនឲ្យរីករាលដាលបង្កឲ្យមានចលាចលសង្គមបានឡើយ។
តាមរយៈរបាយការណ៍បាននេះដែរ ក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍ដែលត្រូវបានកត់សម្គាល់នោះ គឺចំណាត់ការខាងផ្លូវច្បាប់របស់រាជរដ្ឋាភិបាល ចំពោះជនក្បត់ជាតិ និងការរំលាយគណបក្សសង្រ្គោះជាតិ ដោយតុលាការកំពូល ពីបទឃុបឃិតជាប្រព័ន្ធជាមួយបរទេស ក្នុងឧបាយកលសកម្មភាពធ្វើបដិវត្តពណ៌ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ខុសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ជាងនេះទៅទៀត ការបង្រ្កាបរបស់រាជរដ្ឋាភិបាល គឺជាការបញ្ជៀសទាន់ពេលវេលា នូវគ្រោះមហន្តរាយរបស់ប្រទេសជាតិ ការពារបាននូវសុខសន្តិភាពជូនប្រទេសជាតិ និងត្រូវបានប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ជាន់ថ្នាក់ចូលរួមគាំទ្រ និងអបអរសាទរ ប្រកបដោយការជឿជាក់។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយសាលដីកាបិទផ្លូវតវ៉ារបស់តុលាការកំពូលកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្សប្រឆាំងធំជាងគេមួយនេះ បានឃុបឃិតជាប្រព័ន្ធជាមួយបរទេសក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានកាត់ទោសថ្នាក់ដឹកនាំគណបក្សនេះចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕