
ភ្នំពេញៈ ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលកមានថវិកាគ្រប់គ្រាន់ ក្នុងការរៀបចំការបោះឆ្នោត បើទោះបីជាម្ចាស់ជំនួយ កាត់ជំនួយក៏ដោយ។
ប្រសាសន៍ថ្លែងបញ្ជាក់យ៉ាងច្បាស់នេះ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប បានប្រកាសផ្តាច់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ។
ក្នុងឱកាសជំនួបសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ សម្តេចតេជោ បានថ្លែងថា “គ្មានការចូលរួមរបស់អ្នក ការបោះឆ្នោតនៅតែធ្វើ គ្មានអ្នកណារំលាយសភានោះទេ”។

សម្តេចបន្តថា “រាជរដ្ឋាភិបាលមានទុនគ្រប់គ្រាន់ ក្នុងការរៀបចំបោះឆ្នោត និងចាប់ផ្តើមតាមការគ្រោងទុក មានបក្សមិនតិចដែលបានចូលរួម។ ប្រទេសណាក៏មានច្បាប់។ ប្រទេសគ្រប់គ្រងដោយច្បាប់ ជាប្រទេសប្រជាធិបតេយ្យ។ ប្រទេសគ្មាននីតិរដ្ឋ គឺអនាធិបតេយ្យ ហើយនាំឲ្យមានខ្លោចផ្សារ។ បោះឆ្នោតតាមការកំណត់ នៃរដ្ឋធម្មនុញ្ញ”៕