
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិតេយ្យមូលដ្ឋាន រដ្ឋាភិបាលកម្ពុជាគួរតែបន្ទន់ឥរិយាបថមួយចំនួន ហើយចាប់ផ្តើមធ្វើការចរចាជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយបើកច្រកចរចាជាមួយ CNRP ហើយគណបក្សសង្គ្រោះជាតិខ្លួនឯងត្រូវដកឃ្លាមួយជំហានដែរ ពីព្រោះលោកមិនចង់ឃើញ ម្ខាងសប្បាយចិត្ត ពេលឃើញបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហើយម្ខាងទៀតគិតថា មិនខ្វល់ដាក់អីដាក់ទៅ វាមិនមែនជារឿងល្អទេ យើងត្រូវទទួលខុសត្រូវទាំងអស់គ្នាចំពោះវាសនាប្រទេសជាតិក្នុងនាមយើងជាអ្នកនយោបាយ។
ថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ក្រោមប្រធានបទ៖ តើកម្ពុជាមានផលប៉ះពាល់អ្វីខ្លះ បើសហគមអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ច? អតីតប្រធានអង្គការសេដាក បានបន្ថែមថា យើងត្រូវគិតវែងឆ្ងាយ ប្រទេសកម្ពុជាមានសក្តានុពលកសិកម្ម សេដ្ឋកិច្ចទេសចរណ៍ យើងត្រូវមានផែនការ និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសច្បាស់លាស់ វែងឆ្ងាយ។ យើងត្រូវចាប់ដៃគ្នា សហការគ្នា ប្រកួតប្រជែងនូវគំនិតនយោបាយ ឈរលើឧត្តមគតិ កុំប្រកួតប្រជែងដើម្បីតែតំណែង និងអំណាច ទោះនរណាដឹកនាំប្រទេសមិនសំខាន់ទេ ឱ្យតែមានគំនិតល្អៗត្រូវបានអនុវត្តដើម្បីដោះស្រាយបញ្ហាជាតិ ដើម្បីផលប្រយោជន៍ជាតិ។
លោក យ៉ង សាំងកុមារ បានព្រមានថា ប្រសិនបើមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់អន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជា នោះកម្មករអត់ការងារធ្វើ កសិករអត់មានទីផ្សារ អ៊ីចឹងវិបត្តិសង្គមនឹងកើតមានហើយ កម្មករ កសិករ នឹងមិនបោះឆ្នោតឱ្យគណបក្សកាន់អំណាចទេ ដូច្នេះ យើងត្រូវគិតថារឿងនេះជារឿងសំខាន់ ។
