Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ជាភ្នាក់ងារអាវុធហត្ថខណ្ឌដូនពេញ បានរងរបួសធ្ងន់ធ្ងរ ដោយសន្លប់ស្ដូកស្ដឹង ដោយសារបក្ខពួកក្មេងទំនើងជិះម៉ូតូ វាយនឹងដំបងដែក រួចធាក់ម៉ូតូ បណ្ដាលឲ្យដួល បន្ទាប់ពីជិះម៉ូតូជួយដេញតាមចាប់ ក្រុមក្មេងទំនើង៣នាក់ ជិះម៉ូតូ២គ្រឿង ដែលមានលាក់ដាវសាម៉ូរ៉ៃ និងដំបងដែកជាប់ម៉ូតូនោះ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង១២:៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅជិតក្លឹប Spider តាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុប្រាប់ឲ្យ​ CAM-POST ដឹងថា មុនពេលកើតហេតុ គាត់និងភ្នាក់ងារអាវុធហត្ថខណ្ឌដូនពេញ ដែលស្លៀកពាក់ឯកសណ្ឋានស៊ីវិល ដូចគ្នា តែជនរងគ្រោះបានជិះម៉ូតូ VIVA ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1GO-7870 ជួយដេញតាមចាប់ ក្រុមក្មេងទំនើង៣នាក់ ជិះម៉ូតូ២គ្រឿង ដោយម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាកស៊ុយសូគីនិច មិនចាំស្លាកលេខដូចគ្នា ត្រូវបានកម្លាំងអាវុធហត្ថជួយសហការគ្នាធ្វើការដេញតាមពីម្ដុំផ្លូវចំការដូង រហូតមកដល់ផ្លូវវេងស្រេង ជិតក្លឹប Spider ក៏ត្រូវបានបក្ខពួកជនសង្ស័យជិះម៉ូតូមកជិតហើយហូតដំបងដែកវាយទៅលើភ្នាក់ងារអាវុហត្ថនោះរួចធាក់បណ្ដាលឲ្យដួលម៉ូតូអូសបោកផ្ទប់និងកង់បី ដែលចតនៅចិញ្ចើមផ្លូវ រងរបួសធ្ងន់បែកក្បាលសន្លប់ស្ដូកតែម្ដង ។

ក្រោយមក​ភ្នាក់ងារអាវុធហត្ថ ដែលរងគ្រោះត្រូវបានសមត្ថកិច្ចជួយលាងរបួសក្បាលតាមរបៀបសង្គ្រោះបឋមដែរ តែនៅសន្លប់បាត់ស្មារតីដដែល មួយសន្ទុះក្រោយមកត្រូវបានសមត្ថកិច្ចទាក់ទងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនសួគ៌ាដឹកទៅកាន់មន្ទីរពេទ្យតែម្ដង។

ភ្លាមៗនោះកម្លាំងអាវុធហត្ថបានដេញតាមជនសង្ស័យ ២នាក់ផ្សេងទៀត ជិះម៉ាកសង់ប៊ិចពាក់ខ្មៅ ពាក់ស្លាកលេខភ្នំពញ 1BF-8704 ខណៈពេលឃើញអាវុធហត្ថក៏ភ័យជិះរត់ ទើបធ្វើការដេញស្ទាក់ចាប់ឃាត់សួរនាំតែម្ដង នៅមុខសាលាបឋមសិក្សាគោកបញ្ចាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់នោះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ នាំទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor