កណ្ដាលៈ ផ្អើលក្រុងតាខ្មៅទាំងយប់ ដោយបុរសវ័យចំណាស់ម្នាក់ ដែលគេស្គាល់ជាមន្ត្រីបម្រើនៅអង្គភាពឧស្សាហកម្មខេត្តកណ្តាល បើករថយន្តបាឡែន ក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពស្រវឹងស្រា ហើយបានបុករះម៉ូតូ២គ្រឿង បណ្ដាលឲ្យមានអ្នករងរបួស មិនឈប់ដោះស្រាយទេ ក៏បន្ថែមល្បឿនបើករត់ រហូតជាង៥០០ម៉ែត្រ ទើបពលរដ្ឋស្ទាក់ជាប់។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩៖១៥នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅមុខវិហារសាសនាគ្រឹះ តាមបណ្ដោយផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សេង សែន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតំបន់មានជយ័ ឃុំសម្បត្តិមានជយ័ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងម្នាក់ទៀតរងរបួសជើងបន្តិចប៉ុណ្ណោះ។
មន្ត្រីនគរបាលចរាចរណ៍ បានឲ្យដឹងថា ជនបើករថយន្តបង្កឈ្មោះ អ៊ឹម វណ្ណ: ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាមន្ត្រីមន្ទីរឧស្សាហកម្មខេត្តកណ្តាល បានបើករថយន្តម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្តាល 2A-8278 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពស្រវឹងជោគជាំ លុះដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿងក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីត្បូងទៅជើងពេញទំហឹង ហើយបន្ថែមល្បឿនបើករត់គេច បានប្រហែលជិត៥០០ម៉ែត្រ ត្រូវប្រជាពលរដ្ឋនាំគ្នាជួយជិះដេញតាមរហូតឃាត់បានទាំងអ្នកបើកបរទាំងរថយន្ត រង់ចាំប្រគល់ឲ្យសមត្ថកិច្ច។
ភ្លាមៗនោះកម្លាំងនគរបាលជំនាញចរាចរណ៍នៃអធិការដ្ឋានក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកម្ចាស់រថយន្តបង្កមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ ចាត់ការតាមនីតិវិធីច្បាប់៕










