Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿង បើកបុករះរថយន្តម៉ាកតាកូម៉ា មួយគ្រឿង និងម៉ូតូ២គ្រឿង បណ្ដាលឲ្យមនុស្សម្នាក់ រងរបួស រួចជ្រុលទៅបុករបងភូមិគ្រឹះលោករដ្ឋមន្រ្តី ចម ប្រសិទ្ធ បណ្ដាលឲ្យបាក់អស់១ផ្ទាំងថែមទៀត កាលពីវេលាម៉ោង១០៖៥០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចមុខភូមិគ្រឹះលោករដ្ឋមន្រ្តី ចម ប្រសិទ្ធ ស្ថិនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 4A-1756 អ្នកបើកបររត់បាត់ ចំណែករថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2O-3239 រងការខូចខាតចំហៀងខ្លួនខាងឆ្វេង។ រីឯមូតូដែលរងការខូចខាត២គ្រឿងដែរនោះ មាន១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-9869  និង១គ្រឿងទៀត ម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BP-1456 ។ ដោយឡែកអ្នករងរបួសមិនត្រូវបានស្គាល់ឈ្មោះឡើយ ហើយរបងភូមិគ្រឹះលោករដ្ឋមន្រ្តីចម ប្រសិទ្ធ បានបាក់អស់១ផ្ទាំង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនថាមិនបញ្ហាអ្វីឡើយ ស្រាប់តែរថយន្តនេះ បានបុកឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវទាំងកំរោល។ បន្ទាប់មកបានជ្រុលទៅបុករថយន្តតាកូម៉ាដែលកំពុងបើកបរក្នុងទិសដៅច្រាស់គ្នា បណ្ដាឲ្យរថយន្តតាកូម៉ាវិល១ជុំ ទៅបោកម៉ូតូ២គ្រឿងខាងលើ ដួលពេញផ្លូវ ចំណែករថយន្តបង្កបានជ្រុលទៅបុករបងភូមិគ្រឹះលោករដ្ឋមន្រ្តី ចម ប្រសិទ្ធ បណ្ដាលឲ្យបាក់អស់១ផ្ទាំង ទៅមុខលែងរួច ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។

បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះ រួចបានរាយការណ៏ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែង និងនាំយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor