
ត្បូងឃ្មុំៈ រថយន្ត១គ្រឿងបោះពួយយ៉ាងលឿន បានក្រឡាប់ខ្លួនឯងជាច្រើនត្រឡប់ បណ្តាលឲ្យអ្នកបើកបរខ្ទាតចេញពីរថយន្តស្លាប់ភ្លាមៗតែម្តង។
ករណីក្រឡាប់រថយន្តនេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លើផ្លូវក្រាលគ្រួសក្រហម (ផ្លូវចិន) ត្រង់ចំណុចគីឡូលេខ១២ ស្ថិតនៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ប្រភពពីនគរបាលចរាចរណ៍បានឲ្យដឹងងថា រថយន្តដែលក្រឡាប់ម៉ាកហាយឡែនឌ័រ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ2A.0256 បើកបរដោយឈ្មោះ ខោល រ៉ាម៉ុង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានស្លាប់នៅកន្លែងកើតហេតុ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តខាងលើបើកក្នុងទិសដៅពីស្រុកឆ្លូងឆ្ពោះមកស្រុកមេមត់ ពីខាងលិចមកកើត ក្នុងល្បឿនលឿនគួរសម។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុសង្ស័យបួងចង្កូតជ្រុល បានក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យអ្នកបើកបរខ្ទាតចេញពីរថយន្ត ស្លាប់ភ្លាមៗតែម្តង រីឯរថយន្តរងការខូចខាតកម្រិតធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍បានចុះមកពិនិត្យតាមជំនាញ រួចបានរៀបចំស្ទូចរថយន្តយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកតំបែរ ចំណែកសពត្រូវបានក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

