
កំពង់ឆ្នាំងៈ បុរសម្នាក់ ធ្លាក់ពីលើដើមត្នោតកម្ពស់១០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានដាច់ខ្យល់ស្លាប់ ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍អកុសលខាងលើនេះបានកើតឡើង វេលាម៉ោង៦ល្ងាចថ្ងៃទី១០ មករា ម្សិលមិញ ត្រង់ចំណុចភូមិខ្វិតឃុំពង្រ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច ដែលបានចុះដល់កន្លែងកើតហេតុ បាននិយាយឲ្យដឹងថា ជនរងគ្រោះឈ្មោះ បេតសារឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានប្រពន្ធ និងកូន២នាក់ រស់នៅក្នុងភូមិឃុំស្រុកកើតហេតុ។
សមត្ថកិច្ច បញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅឡើងត្នោតត្រងយកទឹកធ្វើទឹកត្នោតជូ ដូចសព្វមួយដង។ ប៉ុន្តែនៅថ្ងៃកើតហេតុ ជនរងគ្រោះបានឡើងដល់ចុងត្នោត ស្រាប់តែរបូតដៃធ្លាក់មកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត តែដោយសារបួសធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត។
សូមជម្រាបថា ប្រជាពលរដ្ឋស្រុករលាប្អៀ ក្រៅពីការធ្វើស្រែចំការ និងច្រូតកាត់រួច អ្នកខ្លះក៏ប្រកបរបរឡើងត្នោត ខ្លះទៀតក៏រកត្រី និងរបរអ្វីផ្សេងទៀត ដើម្បីផ្គត់ផ្គង់ជីវភាព។ ទោះជាយ៉ាងណាការឡើងត្នោតតែងបង្កគ្រោះថ្នាក់ដល់អ្នកឡើងត្នោតជាញឹកញាប់ រួមមានទំាងរបួស ពិការ និងខ្លះបានរងការបាត់បង់ជីវិតថែមទៀត៕
