Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំអកចំអន់ ឲ្យអ្នកវិភាគមួយចំនួននៅកម្ពុជា ដែលវិភាគអំពីបញ្ហានានា ជាពិសេសទាក់ទងទៅសម្តេចតេជោនោះ សម្តេចថា ដោយសារអ្នកវិភាគទាំងនោះ វិភាគមិនដឹងទិសតំបន់ ដែលហៅថាល្ងង់ ទើបមិនបានធ្វើជានាយករដ្ឋមន្ដ្រីដូចសម្តេច ហើយសូម្បីតែរដ្ឋមន្ដ្រី នៅតាមបណ្តាក្រសួង ក៏គ្មានវាសនាដែរ ហើយថា ប្រសិនពួកកាន់ការងារដឹកនាំប្រទេសជាតិ ប្រជាពលរដ្ឋ នឹងដេញទម្លាក់ចេញពីតំណែងភ្លាមៗ ។

វិទ្យុអាស៊ីសេរីបានចេញផ្សាយថា “ព្រះសង្ឃ អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល មើលឃើញថា សារជូនពរដល់ជនរួមជាតិ របស់នាយករដ្ឋមន្ត្រី ក្នុងឱកាសឆ្លងឆ្នាំសកលនេះ គឺមិនបានកើតចេញពីចិត្ត និងផ្ទុយពីទង្វើជាក់ស្ដែង”។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដែលជាថ្ងៃថ្មី ឆ្នាំថ្មី សម្តេចតេជោ បានជូនពរថា “សូមជូនពរបងប្អូនជនរួមជាតិ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកូនក្មួយយុវជនយុវតី សិស្សានុសិស្ស ព្រមទាំងកូនក្មួយៗ កម្មករ-កម្មការិនីទូទាំងប្រទេស ជួបតែសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ សុខភាពល្អ និងមានលាភសំណាងល្អគ្រប់ៗគ្នា ចាប់ពីថ្ងៃចូលឆ្នាំសកលថ្មី២០១៨ នេះតទៅកុំបីខាន”។

ក្នុងពិធីសំណេះសំណាល ជាមួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ទួលសង្កែ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិភាគបែបកន្ទុយអណ្ដើក ហៅថា អ្នកវិភាគបែបល្ងង់ខ្លោច កុំហៅថាទស្សនៈវិទូ ហៅថាអាល្ងង់វិទូ បានត្រឹមត្រូវជាង ។

សម្ដេចបានថ្លែងទៀតថា “ខ្ញុំមិនចង់ឲ្យអ្នកវិភាគ នៅក្នុងប្រទេសកម្ពុជា ឬអ្នកវិភាគប្រទេសមួយចំនួន ក្លាយទៅជាអាល្ងង់វិទូទេ ពីព្រោះសេតវិទូ ឬទស្សនវិទូ គេមានចរិកទូលំទូលាយខ្លាំងណាស់ នៅក្នុងវិភាគបញ្ហានីមួយៗ ប៉ុន្ដែណ្ហើយចុះ ដោយសារតែគ្នាវាល្ងង់ហ្នឹងហើយ បានជាគ្នាមិនបានធ្វើជានាយករដ្ឋមន្ដ្រី មិនបានធ្វើរដ្ឋមន្ដ្រីនឹងគេ ប្រសិនបើបានធ្វើ ក៏គេដេញចោលភ្លាមៗដែរ ដោយសារវាអីចឹងបានវាអីចឹង”។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកវិភាគ និងអ្នកសរសេរព័ត៌មានមួយចំនួន ត្រូវចងចាំថា សូម្បីតែជីវិត គ្រួសារ ប្រពន្ធ កូន និងខ្លួនលោកផ្ទាល់ សុទ្ធតែមានបញ្ហាប្រឈមទាំងអស់ ។

សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា គ្មានរឿងណាមួយ ដែលដោះស្រាយដល់ទីបញ្ចប់ឡើយ ប្រទេសនៅលើពិភពលោក គ្មានប្រទេសណាមួយ ដែលគ្មានបញ្ហាប្រឈមនោះដែរ សូម្បីតែសហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ច ក៏នៅតែមានបញ្ហាកើតឡើង។

បន្ថែមពីលើនេះ សម្តេចតេជោ បានឲ្យដឹងទៀតថា អ្នកវិភាគនៅកម្ពុជា ស្ដាប់ប្រសាសន៍របស់សម្ដេចតែ១នាទី ពួកអស់លោកអ្នកវិភាគ មិនយល់ពីអ្វីដែលសម្ដេច មានប្រសាសន៍ឡើយ ដោយសារអស់លោក ស្ដាប់មិនយល់ ទើបមិនជោគជ័យក្នុងការងារ ប្រសិនបើជោគជ័យ អស់លោកកាន់អំណាចនៅកម្ពុជា ជំនួយសម្តេចហើយ។ សម្តេចថា បើចង់ជោគជ័យអ្នកវិភាគ ត្រូវស្ដាប់ប្រសាសន៍ពីដើមដ៏ចប់ ។

ប្រមុខរាជរដ្ឋាភិបាលបន្តថា សម្តេចមិនចង់ធ្វើសាស្ត្រាចារ្យ ប្រដៅអស់លោកអ្នកវិភាគនៅកម្ពុជាឡើយ ប៉ុន្ដែសម្ដេចមានបទពិសោធន៍ ក្នុងការដឹកនាំប្រទេសជាង៤០ឆ្នាំ រួចមកហើយ។

អាស៊ីសេរី បានលើកឡើងទៀតថា ក្រុមអ្នកឃ្លាំងមើលបញ្ហាសង្គមថា ឆ្នាំថ្មី២០១៨ ជាឆ្នាំមួយ ដែលមានការលំបាកច្រើន ដែលត្រូវពុះពារទៅមុខ និងត្រូវមានការប្រុងប្រយ័ត្នបំផុត ព្រោះបញ្ហាស្មុគស្មាញ ជាច្រើនក្នុងឆ្នាំចាស់ ឆ្នាំ២០១៧ នៅមិនទាន់ដោះស្រាយបាននៅឡើយ។ ពួកគេស្នើឲ្យមេដឹកនាំទាំងឡាយ ត្រូវគោរព និងឲ្យតម្លៃទៅលើពលរដ្ឋជាធំ ហើយត្រូវប្រើតួនាទីដ៏សំខាន់របស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវក្តីសុខចម្រើនរុងរឿងពិតប្រាកដ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor