
ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ បានប្រកាសដាក់ចេញវិធានការតឹងរឹង ក្នុងការចាប់បង្ខំឲ្យអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរ ដែលវិធានការបែបនេះ នឹងចាប់ផ្តើមនៅពេលខាងមុខនេះ ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងខ្ពស់ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ ហើយភាគច្រើន គឺលើអ្នកជិះម៉ូតូ ហើយមិនពាក់មួកសុវត្ថិភាព ។
ថ្លែងក្នុងកិច្ចប្រជុំ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេស អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព នៅព្រឹកថ្ងៃទី៣ ខែធ្នូនេះ នាអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអះអាងថា កម្លាំងសមត្ថកិច្ចនឹងធ្វើការឃាត់អ្នកជិះម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព ដោយតម្រូវឲ្យពួកគាត់ទៅរកមួកមកពាក់សិន មុនពេលអនុវត្តអោយពួកគាត់បន្តធ្វើដំណើរលើដងផ្លូវ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំថា វិធានការនេះ គឺនឹងចាប់ផ្តើមអនុវត្តន៍នៅក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីសុំគោលការណ៍អនុវត្តន៍ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃរួចហើយនោះ។ នាយឧត្តមសេនីយ៍ ថា ភាគច្រើននៃអ្នកស្លាប់ដោយសារតែជិះម៉ូតូ មិនពាក់មួកសុវត្ថិភាពនេះ គឺជាយុវជន។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងឆ្នាំ២០១៧ មានចំនួន៣.៥៣១លើក ដែលបណ្តាលឲ្យមនុស្សចំនួន ១.៧៨០នាក់ បានស្លាប់។ ក្នុងចំណោមអ្នកស្លាប់នេះ គឺភាគច្រើនជា អ្នកបើកបរម៉ូតូ ហើយជិត៨០ភាគរយ គឺមិនពាក់មួកសុវត្ថិភាព។
គួររំលឹកថា កាលពីពេលថ្មីនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់សមត្ថកិច្ចទាំងអស់ ត្រូវតែរួមគ្នារឹតបន្តឹង ចំពោះអ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាពបន្ថែមទៀត ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍ ដោយគ្មានមួកសុវត្ថិភាព មានការកើនឡើងគួរឲ្យព្រួយបារម្ភនោះ។
ជាមួយគ្នានឹងការរឹតបន្តឹងនេះដែរ សមត្ថកិច្ចទាំងអស់ ក៏ត្រូវតែប្រកាន់ឥរិយាបទម៉ឺងម៉ាត់ តែទន់ភ្លន់ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ៕
