Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កីឡាៈ នៅទីបំផុតកីឡាករ សៅ វណ្ណា បានក្លាយជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់ ក្រោមភាពប៉ិនប្រសប់យ៉ាងមានជំនាញក្នុងក្បួនវិជ្ជាប្រដាល់ ដែលមិនធ្លាប់ស្គាល់ថា ពាក្យចាញ់ម្តងណាឡើយ ក្រោយផ្តួលគូប្រកួតឲ្យដេកដួលហាលអាវបន្តកន្ទុយគ្នា។

ការប្រកួតកីឡាប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) កាលពីយប់មិញ នៅប៉ុស្តិ៍លេខ៥ នាព្រែកកំពឹស បានក្លាយជាព្រឹត្តិការណ៍ដ៏ជក់ចិត្តដិតអារម្មណ៍ ព្រោះតែដំណាក់កាលនេះ ឈានដល់វគ្គផ្តាច់ព្រ័ត្រ ដែលមហាជនទូទាំងប្រទេសសុទ្ធតែរង់ចាំអ៊ុតមើលថា កីឡាករជើងខ្លាំងមុះមុតមួយណា ជាម្ចាស់ពានសាងភាពរំជើបរំជួលបាន។

នៅទីបំផុត កីឡាករ សៅ វណ្ណា មកពីក្លិបយុវជនវាលស្បូវ ខណ្ឌច្បារអំពៅ ជាម្ចាស់ពានក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ដោយបានប្រើស្នៀតគ្រូចែកឲ្យយ៉ាងអស់ពីខ្លួន ដើម្បីកាច់បំបាក់កីឡាករ អ៊ុ វណ្ណេត ជាជើងខ្លាំង មកពីក្លិបមរតកគុនខ្មែរ បាត់ឱកាសកាន់ពានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ២ ទាំងមិននឹកស្មានដល់។

ចេញដេប៉ាទឹកទី១ ដើមទឹកមួយៗ ពួកគេស្ទាបស្ទង់គ្នា គ្រាន់តែចូលដល់ពាក់កណ្តាលទឹកទី១ ស្រាប់តែម្នាក់ៗ ប្រើកម្លាំងវាយសន្ធប់ចង់១០០ដឺក្រេ ធាក់ទៅធាក់មកចេញវាយមិនសំចៃដៃយ៉ាងក្តៅទៅៗ។ លុះចុងទឹកទី១ វណ្ណេត ភ្លាត់ស្នៀតបណ្តោយឲ្យ សៅ វណ្ណា លេងមួយជង្គង់អុកចំចិញ្ចើមខាងស្តាំ បែករយះចំហរសាច់ហូរឈាមដូចគេស្រោចពេញរេញ។

ចូលដល់ទឹកទី២ និងទី៣ វណ្ណេត នៅតែមានភាគរយត្រូវ វណ្ណា វាយចូលម៉ាត់ៗ ចំគោលដៅបានល្អស៊ីពិន្ទុឆ្ងាញ់តែម្តង។ ចំណែកអ្នកទស្សនាហ៊ោស្រែកអស់ហើយម្នាក់ៗ ហើបគូទពីកៅអីឈរលេងនឹងគ្រប់គ្នា។ រយៈពេល៣ទឹកពេញបានបញ្ចប់ ប្រកាសលទ្ធផល សៅ វណ្ណា ជាអ្នកទទួលជ័យជម្នះបន្សល់ទុកកីឡាករ អ៊ុ វណ្ណេត ស្តាយ និងត្រូវគ្រូពេទ្យចាប់ដេរអស់៨ថ្នេរ។

សម្រាប់ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ គឹម វាសនា មកពីក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ និងលេខ៤ បានទៅលើកីឡាករ ង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor