Sponsor
រិទ្ធី

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នេះ អង្គការសង្គមស៊ីវិល៣៥អំពាវនាវឱ្យទម្លាក់ចោលបទចោទប្រឆាំងលើថ្នាក់ដឹកនាំអង្គការមិនមែនរដ្ឋាភិបាល និងបញ្ឈប់ការយាយីដែលបន្ដកើតមានលើសង្គមស៊ីវិល។ បុគ្គលទាំងបី អង្គ នាក់ គឺ ព្រះតេជគុណ ប៊ុត ប៊ុនតេញលោក ប៉ា ងួនទៀង និងលោក មឿន តុលា។

សេចក្តីថ្លែងការណ៍បន្តថា៖ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានបែបនេះគឺជាទម្រង់យ៉ាងច្បាស់មួយនៃការគំរាមកំហែង និងយាយី ក្នុងគោលបំណងបំបិទសំឡេងសង្គមស៊ីវិលកម្ពុជា និងអ្នកការពារសិទ្ធិមនុស្ស។ជនជាប់ចោទ ទាំងបីនាក់ បានបញ្ជាក់ថាតួនាទីរបស់ពួកគេមិនជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងការចូលបច្ច័យបុណ្យសព និងមូលនិធិដទៃទៀតឡើយ។ ការចោទប្រកាន់ទាំងនេះផ្អែកទៅលើតែពាក្យបណ្ដឹងដែលគ្មានភស្តុតាងរបស់លោក ពេជ្រ ស្រស់ តែប៉ុណ្ណោះ។ លោក ពេជ្រ ស្រស់ ធ្លាប់ដាក់ពាក្យបណ្ដឹងប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ដែលបណ្ដាលឲ្យតុលាការកំពូលរំលាយគណបក្សនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ។

អង្គការសង្គមស៊ីវិលទាំងនេះ ក៏អំពាវនាវឱ្យទម្លាក់ចោលជាបន្ទាន់នូវបទចោទដែលគ្មានមូលដ្ឋានប្រឆាំងលោក ប៉ា ងួនទៀង ព្រះតេជគុណ ប៊ុត ប៊ុនតេញ និង លោក មឿន តុលា។ ជាងនេះទៀត អំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យបញ្ឈប់ជាបន្ទាន់នូវការធ្វើទុក្ខបុកម្នេញមកលើអង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនដែលកំពុងធ្វើការដោយស្របច្បាប់ និងការងារដែលផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ យើងខ្ញុំស្នើឱ្យរដ្ឋាភិបាលកម្ពុជាគោរពរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងដើម្បីធ្វើឱ្យសង្គមស៊ីវិលដ៏រស់រវើកមួយនេះអាចធំធាត់ដោយគ្មានការរឹតត្បិត និងយាយី។

ការចោទប្រកាន់ដោយមិនមានភស្តុតាងទាំងនេះ កើតឡើងចំពេលដែលរដ្ឋាភិបាលបង្រ្កាបយ៉ាងតឹងរឹងមកលើសំឡេងប្រឆាំងនៅកម្ពុជា ដែលធ្វើឱ្យលំហការងាររបស់អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលមានការរួមតូចកាន់តែខ្លាំង។

គួររំលឹកថា លោក ប៉ា ងួនទៀង ព្រះតេជគុណ ប៊ុត ប៊ុនតេញ និងលោក មឿន តុលា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទការរំលោភលើសេចក្ដីទុកចិត្តកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដោយបានចោទប្រកាន់ថាពួកលោកបានលួចបន្លំ មូលនិធិនៃពិធីបុណ្យសពអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី។ ប្រសិនបើសម្រេចថាមានទោស អ្នកការពារសិទ្ធិមនុស្សទាំងបីរូបប្រឈមមុខនឹងការជាប់ពន្ធនាគារពីប្រាំមួយខែ ទៅ បីឆ្នាំ និងពិន័យជាប្រាក់រហូតដល់ប្រាំមួយលានរៀល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor