
ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តបុកក្បាលនាគកណ្ដាលទ្រូវផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាងទ្រមេឃ តែសំណាងល្អម្ចាស់រងរបួសស្រាល។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖៣០នាទី យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជតិចិនម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ម៉ែកហ្សឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-9089 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹងយ៉ាងលឿន។ លុះមកដល់ចំណុចកែងនឹងផ្លូវលេខ១៩៩ ដែលជាចំណុចកើតហេតុខាងលើ ក៏បានរេចង្កូចទៅបុកក្បាននាគកណ្ដាលទ្រូងផ្លូវពេញទំហឹង បណ្តាលរថយន្តបង្កក្រឡាប់ផ្ងារជើងច្រង៉ាងឡើងលើ សំណាងល្អម្ចាស់លូនចេញពីរថយន្តរងបួសស្រាល។ ចំណែកក្បាលនាគរងកាខូចខាតតិចតួចប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕





