
តាកែវៈ ស្ត្រីម្នាក់ ត្រូវបានអ្នកនៅជាមួយ ប្រទះឃើញស្លាប់ដោយចង.កនៅជាប់បង្អួចបន្ទប់ ធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោក ឆាយ សាវុធ អធិការក្រុងដូនកែវ បានឲ្យដឹងថា ស្ត្រីដែលចងកសម្លាប់ខ្លួនឈ្មោះ ចាវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅបុរីប៉េងហួត ផ្លូវជាតិលេខ២ និងមានផ្ទះជួលមួយកន្លែងនៅកន្លែងកើតហេតុខាងលើ។

តាមសម្តីអ្នកមីងម្នាក់ ដែលរស់នៅជាមួយ ដើម្បីជួយមើលផ្ទះ បាននិយាយប្រាប់ប៉ូលិសថា ស្ត្រីខាងលើ មានកូនប្រុសស្រី៣នាក់ រស់នៅផ្ទះបុរីប៉េងហួតភ្នំពេញ ដោយគាត់(ស្រ្តីរងគ្រោះ)មកសម្រាកនៅផ្ទះកើតហេតុម្ដងម្កាល។ នៅថ្ងៃកើតហេតុពេលរសៀលម៉ោង៣ គាត់(ស្ត្រីរងគ្រោះ)បានបើករថយន្តផ្ទាល់ខ្លួនម៉ាក ឡិចស៊ីស៣៣០ មកពីភ្នំពេញមកដល់ផ្ទះកើតហេតុក្នុងទឹកមុខស្រពោន និងបាននិយាយថា មិនចង់រស់ទេ ហើយក៏ឡើងទៅសម្រាកនៅបន្ទប់របស់គាត់ទៅ លុះដល់ព្រលប់ម៉ោងប្រហែល៧ ដោយបាត់គាត់យូរពេកមិនឃើញចុះមកក្រោម និងមានការសង្ស័យផងនោះ អ្នកមីងដែលរស់នៅជាមួយបានទៅគោះទ្វារបន្ទប់ហៅ ដោយមិនមានការឆ្លើយតបទេ ទើបគាត់ទៅមើលតាមបង្អួចពីក្រៅ ទើបប្រទះឃើញស្ត្រីរងគ្រោះចងកជាមួយខ្សែបង្អួចស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោប្ដឹងសមត្ថកិច្ចតែម្ដង។
ក្រោយពីធ្វើកោសល្យវិច័យលើសាកសពរួច សមត្ថកិច្ចបានអះអាងថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកធ្វើអត្តឃាតពិតប្រាកដមែន រួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕






