Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីខាងផ្នែកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះថា លោក ជា មុន្នី មិនបានចូលខ្លួនមកតុលាការ ដើម្បីឆ្លើយបំភ្លឺដោះសារសម្រាលបន្ទុកអំពីបណ្ដឹងរបស់សមាគមសហជីពចំនួន១២០ ដែលបានដាក់ពាក្យបណ្ដឹងនោះទេ។ បើទោះបីលោក ជា មុន្នី មិនចូលខ្លួននាពេលនេះក្ដី តុលាការនឹងនៅតែបន្តនីតិវិធីកោះហៅជាបន្តបន្ទាប់ទៀត តាមច្បាប់រហូតដល់មានការសម្រេចចុងក្រោយ។

លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ជា មុន្នី អតីតប្រធានសហភាពសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា និង បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា ឲ្យចូលបំភ្លឺក្នុងនាមជនសង្ស័យ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធនឹងការញុះញង់ឲ្យសហគមន៍អឺរ៉ុប និងអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។

លោក ដារ៉ា សុបញ្ញា និងលោក កេតុ សុវណ្ណឌី ជាមេធាវីតំណាងដោយអាណត្តិរបស់សហជីពធំៗចំនួន១២០ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ បានចូលបំភ្លឺចំពោះមុខលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះការដាក់ពាក្យប្តឹងលោក ជា មុន្នី ដែលបានញុះញង់ឲ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ តាមរយៈបណ្តឹងនេះ ក្រុមសហជីពធំៗបានស្នើឲ្យតុលាការផ្តន្ទាទោសលោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួនមួយលានដុល្លារសហរដ្ឋអាមេរិក។

ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក ជា មុនី លើកឡើងដោយស្នើទៅសហភាពអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរងគ្រោះ ហើយងាកមករកផ្លូវចរចាបញ្ចប់វិបត្តិនយោបាយជាមួយគណបក្សប្រឆាំង។

ក្រុមសហជីពធំៗ តំណាងឲ្យកម្មកររាប់សែននាក់នៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថា ក្នុងករណីដែលសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមែននោះ ផលវិបាកធ្ងន់ធ្ងរនឹងធ្លាក់ទៅលើកម្មកររាប់លាននាក់ និងបាត់បង់ការងារធ្វើ ក្នុងនោះមានផលប៉ះពាល់ដោយផ្ទាល់ដល់កម្មករ១,២លាននាក់ និងផលប៉ះពាល់ដោយប្រយោលចំពោះកម្មករប្រមាណ៣លាននាក់។

ពាក់ព័ន្ធករណីតុលាការកោះហៅលោក ជា មុន្នី ឲ្យចូលខ្លួនមកតុលាការនេះ បើតាមប្រភពព័ត៌មានច្បាស់ការមួយ បានឲ្យដឹងថា នៅខណៈនេះ លោក ជា មុន្នី បានចាកចេញទៅបរទេសបាត់ហើយ លោកមិនស្ថិតក្នុងប្រទេសកម្ពុជា ទេនាពេលនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor