
កញ្ញា កឹម មនោសម្មាធិតា កូនស្រីទី២របស់លោក កឹម សុខា បានសរសេរក្នុងគេហទំព័រហ្វេសប៊ុកថា៖ ក្នុងនាមក្រុមគ្រួសាររបស់លោក កឹម សុខា នាងខ្ញុំសូមបញ្ជាក់ថារាល់ការសម្រេចចិត្តរបស់ឪពុកនាងខ្ញុំគឺធ្វើឡើងដោយឆន្ទៈរបស់លោក។ រូបលោកពុំដែលសម្រេចចិត្តអ្វីមួយដែលផ្ទុយពីឆន្ទៈលោកដោយហេតុថាខ្លាចពីសុវត្ថិភាពឡើយ។ បើលោកចេះក្បត់ឆន្ទៈខ្លួនដើម្បីការពារសុវត្ថិភាពខ្លួននោះ លោកក៏មិននៅតស៊ូក្នុងស្រុកទាំងដែលដឹងថាគេមានបំណងចាប់ខ្លួនរូបលោកដែរ។
តាមរយ:គេហទំព័រហ្វេសប៊ុកនេះ កញ្ញបានអំពាវនាវឲ្យបញ្ឈប់នូវការបរិហាកេរ្តិ៍មកលើឪពុកនាងដោយការប្រើពាក្យថា ការសម្រេចចិត្តរបស់លោកគឺដោយសារលោកខ្លាចពីសុវត្តិភាពរបស់ខ្លួន។ នាងចាត់ទុកថាពាក្យទាំងនេះបានប្រើមកដោយពុំមានចេតនាអាក្រក់អ្វីឡើយ គឺជាកំហុសអចេតនា។

ទោះយ៉ាងណាក៏ដោយ កញ្ញាសូមបញ្ជាក់ជាសាធារណៈក្នុងពេលនេះដើម្បីកុំឲ្យសាធារណជនមានការភាន់ច្រឡំបន្តទៀត។ ឪពុករបស់នាងមានស្មារតីរឹងមាំ និងឧត្តមគតិដែលពុំមាននរណាម្នាក់អាចឃុំបានឡើយ។
ជាចុងក្រោយនេះ ក្នុងស្មារតីសាមគ្គីភាព នាងសូមសំណូមពរឲ្យសមាជិកគណបក្សសង្គ្រោះជាតិគោរពនូវសិទ្ធិបុគ្គលក្នុងការសម្រេចចិត្តចូលរួមបញ្ចេញយោបល់ គាំទ្រឬមិនគាំទ្រអ្វីមួយ និងធ្វើសកម្មភាពសង្គមនិងនយោបាយតាមសុឆន្ទៈរៀងៗខ្លួនដោយពុំមានការចោទប្រកាន់ឬលាបពណ៌គ្នា។ សាមគ្គីភាពពុំមែនមានន័យថាយើងត្រូវគិតដូចគ្នានោះទេ តែមានន័យថាយើងមិនបៀតបៀនគ្នាជាពិសេសពេលមានទុក្ខលំបាក។ សូមឲ្យសកម្មភាពនិងលទ្ធផលការងាររបស់យើងជាកត្តាទាក់ទាញការគាំទ្រ មិនមែនធ្វើឡើងដោយការដាក់សំពាធគ្នា។
ការបញ្ចាក់ជំហរនេះឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលថា លោក កឹម សុខា មិនគាំទ្រនិងចូលរួមជាមួយចលនាសង្រ្គោះជាតិ ដោយសារការភ័យខ្លាច។
