
ភ្នំពេញៈ ក្រុមសមាជិកសភារបស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស បានកំពុងតែខ្វែងគំនិតគ្នា បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះ បានទៅបង្កើតចលនាសង្គ្រោះជាតិ ដោយមិនបានពិភាក្សាគ្នា។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនំាពាក្យអតីតគណបក្សសង្គ្រោះជាតិបាន លើកឡើងក្នុងវេទិកាសាធារណៈមួយ ដែលរៀបចំឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅប្រទេសបារំាងថា «បើយើងនៅប្រើប្រាស់ឈ្មោះគណបក្សសង្គ្រោះជាតិ យើងត្រូវប្រើទំាងអស់គ្នា។ កុំឲ្យយើងគិតថាអតីតនេះ! អតីតនោះ! ។ ខ្ញុំនិយាយហើយ និយាយទៀត យើងមកជុំគ្នាក្នុងនាមសង្គ្រោះជាតិ ។ ដូច្នេះយើងនឹងជួបពិភាក្សាគ្នា ដើម្បីបញ្ហាគោលបំណងដូចគ្នា។ លោក សម រង្ស៊ី ក៏ធ្លាប់លើកឡើងរួចហើយ គឺទាមទារឲ្យដោះលែង លោក កឹម សុខា ឲ្យគណបក្សសង្គ្រោះជាតិកើតឡើងវិញ មិនចូលរួមបោះឆ្នោតទេ បើមិនបានអ្វីដែលយើងទាមទារនោះ។ ដូច្នេះ យើងទំាងអស់នេះ សុទ្ធតែជាសាក្សីរួចហើយ»។
លោក យ៉ែម បុញ្ញឫទ្ធិ បន្តថា លោក សម រង្ស៊ី កំពុងតែវាយប្រហារទំាងខ្លួនមិនទាន់ទៅដល់ ក្រុងភ្នំពេញផង គាត់បានវាយតម្លៃមុនរួចទៅហើយ។ លោក បន្តថា អ្វីដែលលោក សម រង្សី កំពុងធ្វើនោះ ជាយុទ្ធសាស្ត្រផ្សេងគ្នា ដោយមិបានយល់គ្នា និងខ្វែងគំនិតគ្នា ប៉ុន្តែគោលដៅតែ មួយ។
លោកបញ្ជាក់ថា «កិច្ចការនឹងមានគោលដៅដូចគ្នា តែនៅសល់រឿងបច្ចេកទេស ក្នុងការជជែកគ្នាបន្ត ដែលគេនិយាយការពិគ្រោះយោបល់គ្នា តែជៀសវាងការសម្រេច ដោយអត្តនោម័តតែខ្លួនឯង»។
ការលើករបស់ យ៉ែម បុញ្ញឫទ្ធិនេះ បន្ទាប់ពីលោក សម រង្ស៊ី បានបង្កើតចលនាមួយមិនបាន ធ្វើការពិភាក្សាជាមួយសមាជិកខ្លួន ដោយដាក់ឈ្មោះថា «ចលនាសង្គ្រោះជាតិ» ។ ចលនា នេះ ត្រូវបានលោក សម រង្ស៊ី ខ្លួនឯង អះអាងថា ដើម្បីបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២៩១៧ កន្លងមក ឲ្យរស់ឡើងវិញ។ ជាងនេះ ចលនានេះជាការចលនាតស៊ូផ្នែកនយោបាយមួយនៅក្រៅប្រទេដដែលអាចឲ្យអ្នកផ្សេងចូលរួមបានគ្រប់គ្នា។
សម្រាប់ការបង្កើតចលនាថ្មីរបស់អតីតមេបក្សប្រឆាំងនេះ ត្រូវបានអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា ការប្តូរយុទ្ធសាស្ត្រ ដែលគ្មានបានការតែប៉ុណ្ណោះ។ លោក សុខ ឥសាន បានសម្តែងការអស់សំណើច ដែលទណ្ឌិតអតីតមេបក្សប្រឆាំង ធ្វើនយោបាយប្រកួតប្រជែង តាំងពីនៅក្នុងស្រុក រហូតរត់ចោលស្រុក នៅតែស្រែកថា ខ្លាំងនៅតែមានក្តីសង្ឃឹមទាំងអស់ សង្ឃឹមថា ខ្លួននឹងអាចចូលស្រុកមកចូលរួមបោះឆ្នោតនាខែកក្កដា ២០១៨ បាន។
លោកបញ្ជាក់ថា «នៅក្នុងស្រុកបានបរាជ័យផ្ទួនៗ ធ្ងន់ធ្ងរលើធ្ងន់ធ្ងរ ហៅមិនឮ បែរជាថា មានសង្ឃឹមទៅវិញ គួរឲ្យហួសចិត្តណាស់។ នេះវាគ្រាន់ តែការឃោសនាបំប៉ោងសភាពការណ៍ពិត បន្លំមហាជនប្រជាជនឲ្យយល់ច្រឡំ និងសម្រន់ការបាក់ទឹកចិត្តរបស់ពួកអ្នកអស់តួនាទី និងតំណែងតែប៉ុណ្ណោះ។ ការប្តូរយុទ្ធសាស្ត្រថ្មីមកបង្កើតរបស់ ដែលហៅថា ចលនាសង្គ្រោះជាតិ ស្អីនោះ ដែលជាចលនាឧទ្ទាមក្រៅច្បាប់ តើបានការស្អីទៅ? តើមានឥទ្ធិពលអ្វីចូលទៅក្នុងប្រទេស មានសង្ឃឹមអ្វីទៅ នៅក្នុងស្រុកមិនមានកំណើតផង ចុះដល់នៅក្រៅស្រុក មានលទ្ធភាពស្អីទៅបានការនោះ? សរុបមកចលនា ដែលជាការប្តូរយុទ្ធសាស្ត្រនោះ នៅតែគ្មានបានការដដែល» ។
