
បន្ទាយមានជ័យៈ ស្ងាត់ៗ ករណីលួចរថយន្ត ដែលជាករណីមិនធ្លាប់មានពីមុន សម្រាប់ខេត្តបន្ទាយមានជ័យ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច ។
តាមរៀបរាប់ម្ចាស់រថយន្តឈ្មោះ ញាន កែវ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅយប់កើតហេតុ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខ្លួនបានចតរថយន្តមួយគ្រឿង ដែលបានខ្ចីពីបងប្អូនមកប្រើ ម៉ាកកាមរី ចង្កូតស្តាំ ផលិតឆ្នាំ១៩៩៣ ពណ៌ប៉ៃតងចាស់ នៅមុខហាងលក់សំលៀកបំពាក់របស់ខ្លួន ហើយខ្លួនក៏ចូលទៅសម្រាកក្នុងហាង លុះព្រឹកឡើងស្រាប់តែបាត់រថយន្តតែម្តង។ ខ្លួនក៏បានសុំឆែកកាមេរាសុវត្ថិភាព អ្នកជិតខាង ទើបដឹងថា រថយន្តត្រូវបានចោរលួចនៅម៉ោង១២៖៥៣នាទីយប់ តែមិនបានឃើញមុខចោរនោះទេ ព្រោះកាមេរាចាប់រូបបានខាងឆ្វេងនៃរថយន្ត ហើយរថយន្តរបស់លោកចង្កូតស្តាំ ។

ទាក់ទងនឹងបញ្ហានេះលោក ខែម សុភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នេះជាករណីដែលមិនធ្លាប់មានទេពីមុនមក សម្រាប់ខេត្តបន្ទាយមានជ័យ ហើយពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើង ធ្វើការស៊ើបអង្កេតលើករណីនេះ៕