
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កាលពីមុនបើស្នងការនគរបាលខេត្តណាមួយ ពេញចិត្តនឹងមន្រ្តីប៉ូលិសរូបណា គឺទុកឲ្យនៅបម្រើខ្លួន តែបើមិនពេញចិត្តទេ នឹងបញ្ជូនមករៀនវគ្គបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល ប៉ុន្តែបញ្ហាទាំងអស់នេះ គឺបានកែប្រែហើយ។
ក្នុងពិធីសម្ពោធសមិទ្ធផល “អគារសម្ដេចក្រឡាហោម ស ខេង និងលោកស្រី ញែម សាខន” នៅបណ្ឌិត្យសភានគរបាលកម្ពុជា ខេត្តកណ្ដាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ សម្ដេច ស ខេង បានមានប្រសាសន៍ថា “អ្នកដែលរៀនចប់ ពេលដែលត្រឡប់ទៅអង្គភាពវិញ ក៏គាត់ (ស្នងការ) មិនប្រើ នៅពេលមានវគ្គរៀនសូត្រ ឲ្យមករៀនទៀត អីចឹងអ្នករៀនគិតតែពីរៀន អ្នកធ្វើគិតតែពីធ្វើ នេះមិនធម្មតាទេ បញ្ហានេះយើងបានកែចំណុចនេះ។ ឥឡូវយើងចង្អុលហៅតែម្តង ដែលនាយកដ្ឋានបុគ្គលិក និងនាយកដ្ឋានដទៃទៀត ដែលគ្រប់គ្រងកម្លាំងនគរបាល គឺជាអ្នកដែលសម្រេចបញ្ហានេះ ”។
សម្ដេច បន្ដថា ពីមុនក្រសួងមហាផ្ទៃ បានទុកលទ្ធភាពឲ្យអង្គភាពនីមួយៗ បញ្ជូនឈ្មោះមន្រ្តីប៉ូលិស មករៀនវគ្គបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល ប៉ុន្តែការបើកសិទ្ធិឲ្យស្នងការ ចាត់តាំងមករៀនដោយខ្លួនឯងមិនអាចទៅរួច ព្រោះបើលោកស្នងការពេញចិត្ត លើមន្រ្តីប៉ូលិសណាមួយ គឺទុកឲ្យនៅជាមួយដើម្បីប្រើ ហើយបើមិនពេញចិត្តទេ នឹងបញ្ជូនមករៀន។
សម្តេច បន្ថែមថា ពិសេសនៅតាមបណ្តាខេត្ត មិនអនុញ្ញាតឲ្យស្នងការ ចាត់ការបញ្ជូនឈ្មោះមន្រ្តី មករៀនសូត្រតាមអំពើចិត្តដូចមុនទេ ព្រោះសុទ្ធតែមានឈ្មោះនៅក្នុងបញ្ជីគ្រប់គ្នា។ សម្ដេចថា ចំពោះមន្រ្តីស៊ីវិល ដែលចង់មកបម្រើនគរបាលវិញ សម្តេចថា គឺបានអនុញ្ញាតដូច្នេះផ្ទេរឈ្មោះមក គឺស្វាគមន៍ជានិច្ច តាមរយៈចំណាររបស់សម្តេចផ្ទាល់តែម្តង តែត្រូវឆ្លងកាត់ការសិក្សាផ្នែកនគរបាលជាមុនសិន ដើម្បីឲ្យបានដឹង ព្រោះបើមិនបានរៀន ហើយមកយកតែស័ក្តិមិនកើតទេ។
សម្តេច ឲ្យដឹងទៀតថា ដោយឡែក ៩៩,៩ ភាគរយហើយ ដែលអភិបាលរងស្រុក ខណ្ឌ ខេត្ត សុទ្ធតែបានចូលរៀន នៅសាលាភូមិន្ទរដ្ឋបាល ។ សម្តេចបានប្រៀបធៀប ជាមួយអ្នកនយោបាយ គឺអ្នកនយោបាយអត់ចេះប៉ូលិសទេ ហើយមកដឹកនាំប៉ូលិស ក៏មិនអាចទៅរួចដែរ ហើយបើធ្វើប៉ូលិស ត្រូវតែចេះប៉ូលិស ៕
