
ភំ្នពេញៈ មានករណីភ្ញាក់ផ្អើលទាំងកណ្តាលយប់ ដោយមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខខេមរភូមិន្ទ បើកបរដោយមន្ត្រីយោធាផ្កាយ១ម្នាក់ ក្នុងល្បឿនយ៉ាងបានជ្រុលទៅទ្រូងផ្លូវស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរថយន្តកល់ជាប់និងទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០យប់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ២-៨១០៥ បើកបរដោយបុរសម្នាក់ ជាមន្រ្តីយោធាមានឋាន្តរស័ក្តិ ផ្កាយ១ ក្នុងស្ថានភាពស្រវឹង ហើយក៏បានរេចង្កូតជ្រុលបុកទ្រូងផ្លូវស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យរថយន្តកល់ជាប់និងទ្រូងផ្លូវ រងការខូចខាតផ្នែកខាងមុខ បែកប្រេងហូរពេញផ្លូវ ធ្វើឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ។ ចំណែកម្ចាស់រថយន្ត បានរត់ចូលរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្នុងហេតុការណ៍នេះដែរ មិនបានបង្កឲ្យអ្នកដំណើរដទៃទៀតរងរបួសនោះទេ និងត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងរថយន្តមានរក្សាទុកនូវគ្រឿងស្រវឹងជាច្រើនកំប៉ុងផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកចរាចរណ៍ បានមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



