Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ ផ្អើលខណ្ឌចំការមនទាំងយប់ ខណៈដែលបុរសម្នាក់ ឌុបស្រីស្នេហ៍ តែត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹក ដេញតាមចាប់ឃាត់ខ្លួនបាន ដោយឮនារីពីរនាក់ ជិះម៉ូតូដេញពីក្រោយ និងស្រែកថា ចោរឆក់កាបូប។ យ៉ាងណា ពេលឃាត់បានហើយយកមកសួរនាំ ទើបដឹងថា ជាករណីហួសចិត្ត ប្ដីលួចមានស្រីស្នេហ៍ថ្មី តែប្រពន្ធតាមទាន់ ស្រែកថា ចោរ។

ហេតុការណ៍ស្នេហាត្រីកោណនេះ កើតឡើងនៅវេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា ពន្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅជិតផ្សារដើមគរ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ឆ្លងការសាកសួរប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងតែចល័តគោលដៅល្បាតក្នុងមូលដ្ឋាន ហើយក៏បានឃើញនារីពីរនាក់ ជិះម៉ូតូម៉ាក Nex មួយគ្រឿង ស្រែកថា ចោរឆក់កាបូប ដោយជិះដេញពីក្រោយម៉ូតូ Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT-2363 ដែលជិះដោយបុរសម្នាក់ និងនារីម្នាក់។ ដោយឃើញដូចឆ្នេះ ទើបកម្លាំងធ្វើការប្រដេញតាម និងបោះដៃតាមវិទ្យុទាក់ទង ដើម្បីឲ្យកម្លាំងផ្សេងទៀត ស្ទាក់ជួយឃាត់បាននៅជិតពេទ្យវិសាលសុខ។

ក្រោយពីឃាត់បានហើយ កម្លាំងសមត្ថកិច្ចបាននាំគូសង្សារទាំងពីរនាក់ ដែលស្ថិតនៅក្នុងការសង្ស័យយកមកធ្វើការសាកសួរ ទើបដឹងថា ជាករណីប្រពន្ធតាមទាន់ប្ដីលួចដឹកស្រីស្នេហ៍ ចំណែកឯស្ត្រីជាអតីតប្រពន្ធ ក្រោយពីបានស្រែកធ្វើឲ្យផ្អើលសមត្ថកិច្ចរួចហើយ ក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។

តាមសម្ដីបុរសដែលជាជនសង្ស័យ បានឲ្យដឹងថា រូបគេទាំងពីរនាក់ បានមានទំនាក់ទំនងជាមួយគ្នា២ទៅ៣ខែមកហើយ ហើយនៅមុនពេលកើតហេតុ គឺរូបគាត់បានចេញពីផ្ទះនៅជម្ពូវ័ន ដើម្បីមកយកនារីជាសង្សារនៅម៉ាត២៤ម៉ោង គល់ស្ពានអាកាសស្ទឹងមានជ័យ គោលបំណង​ឌុបដើរលេង ហើយទំនងជាអតីតប្រពន្ធដឹង ទើបតាមទាន់ និងស្រែកថា ចោរឆក់កាបូប បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ដេញចាប់វាយខ្នោះមកសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹកតែម្ដង។

ទោះជាបែបណា ក្រោយពីការសួរនាំដឹងរឿងហេតុរួចហើយ ទើបសមត្ថកិច្ចដោះខ្នោះដៃចេញទាំងពីរនាក់ និងរង់ចាំទំនាក់ទំនងទៅប្រពន្ធដែលជាអ្នកស្រែកថា ចោរ មកដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor