
ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលនឹងធ្វើកន្លែងស្នាក់នៅបណ្តោះអាសន្នជូនដល់ពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញក្នុងមួយថ្ងៃៗប្រមាណ១០០នាក់តាមច្រកអន្តរជាតិប៉ោយប៉ែតនោះ។
ថ្លែងនៅក្នុងកម្មវិធីបិទពិធីបូកសរុបលទ្ធផលការងារអត្តសញ្ញាណកម្ម ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងលើកទិសដៅបន្ត នាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នាពេលនេះ សម្តេចបានសហការជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរកទីកន្លែងដ៏សមគួរមួយនៅច្រកប៉ោយប៉ែត ដើម្បីធ្វើកន្លែងស្នាក់នៅបណ្តោះអាសន្នជូនដល់បងប្អូនពលករខ្មែរយើង ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញ ដោយសារតែពួកគាត់បានធ្វើការនៅប្រទេសគេដោយខុសច្បាប់នោះ។
សម្តេចក្រឡាហោម បានបន្តទៀតថា ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្ថែមទៀតនោះ ក្រសួងមហាផ្ទៃបាន និងកំពុងរៀបចំបើកបន្ថែមកន្លែងផ្តល់លិខិតឆ្លងដែនចំនួន៤កន្លែងទៀត នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងផ្សារអ៊ីអនទី២ ហើយលិខិតឆ្លងដែនដែលធ្វើរួចហើយ នឹងផ្តល់ដល់ពួកគាត់តាមរយៈច្រកចេញចូលតែមួយផងដែរ។

បើយោងតាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃបានលើកឡើងថា ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានផ្តល់លិខិតឆ្លងដែនដល់ពលរដ្ឋខ្មែរប្រមាណ១.០៨២.៩១៦នាក់ និងលិខិតធ្វើដំណើរជូនពលករកម្ពុជាទៅធ្វើការនៅបរទេស៣៩៧.៨៣៨ននាក់។ យ៉ាងណាក៏ដោយ ពលករខ្មែរដែលធ្វើការនៅប្រទេសដែលមិនទាន់ស្របច្បាប់នោះ រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាសហការជាមួយនឹងអាជ្ញាធរថៃដើម្បីផ្តល់ដល់ពួកគេជាបន្តបន្ទាប់។
លោកអគ្គនាយក ម៉ៅ ច័ន្ទតារា បានបន្តទៀតថា ការងារផ្តល់លិខិតធ្វើដំណើរពលករកម្ពុជានៅបរទេស ដែលមានសម្តេចក្រឡាហោម ស ខេង ដឹកនាំផ្ទាល់នោះបានកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីកាត់បន្ថយបែបបទនីតិវិធីសំាញុំា និងបានរៀបចំបើកច្រកចេញចូលតែមួយចំនួន៣កន្លែង គឺនៅផ្សារទំនើបស្ទឹងមានជ័យថ្មី ខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត។ រីឯការងារផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាកំពុងធ្វើការនៅប្រទេសថៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជូនក្រុមការងារ១៧៩នាក់ទៅប្រចាំការនៅប្រទេសថៃ ដើម្បីផ្តល់លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបររទេស៕

