Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ព្រឹទ្ធសភា​បានលើកទឹកចិត្តឲ្យរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត​ ដើម្បីផលប្រយោជន៍រវាងរាជធានីភ្នំពេញ នឹងទីក្រុងហូជីមិញ ក៏ដូចជារវាងប្រជាជននៃប្រទេសទាំង២។

នាថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤ និង៣០នាទីរសៀល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក NGUYEN THIEN NHAN សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម លេខាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងជាប្រធានក្រុមតំណាងរដ្ឋសភា ទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។​

ក្នុងឱកាសជំនួសម្តែងការគួរសមនោះ លោក NGUYEN THIEN NHAN បានជម្រាបសម្តេចប្រធានព្រឹទ្ធសភា អំពីគោលបំណងនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាថា គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ព្រមទាំងរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេស នឹងប្រជាជនទាំង២។

លោកបានបញ្ជាក់ថា​ ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេស នឹងប្រជាជនទាំង២ មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយទំនាក់ទំនងនេះ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាននៃប្រជាជាតិទាំង២។

លោកក៏បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភា អំពីការចូលរួមរបស់ទីក្រុងហូជីមិញក្នុងកម្មវិធីបណ្តុះបណ្តាលរបស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានយកចិត្តទុកដាក់មន្ទីរពេទ្យជោរៃ ដែលជានិមិត្តរូបនៃចំណងទាក់ទងដ៏ល្អប្រសើររវាងប្រទេសទាំង២។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ដែលប្រកបដោយលទ្ធផលជាផ្លែផ្កា ដើម្បីផលប្រយោជន៍រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ក៏ដូចជារវាងប្រជាជននៃប្រទេសទាំង២។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានលើកទឹកចិត្តឲ្យរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជនរាជធានីភ្នំពេញ និងប្រជាជនទីក្រុងហូជីមិញ ព្រមទាំងរវាងប្រទេស២។ ឆ្នាំ២០១៧កន្លងទៅនេះ គឺជាឆ្នាំខួបអនុស្សារីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតប្រទេសទាំង២។ ប្រទេសទាំង២បានរៀបចំសកម្មភាពជាច្រើន ដើម្បីអមអរសាទរទិវាជាប្រវត្តិសាស្រ្តនោះ ក្នុងស្មារតីសាមគ្គីភាព មិត្តភាពរឹងមាំ និងក្នុងស្មារតីសុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំង២។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រចបាន ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុម្មុនីស្តវៀតណាម និងសូមប្រសិទ្ធពរជូនប្រជាជនវៀតណាម បន្តដឹកនាំសម្រេចបានជ័យជម្នះ ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងកសាងប្រទេសវៀតណាម ជាប្រទេសឧស្សាហកម្មជឿនលឿន ស្របតាមទិសដៅដែលមហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនីស្តវៀតណាម បានកំណត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor