
ភ្នំពេញៈ បុរសវ័យ៦៨ឆ្នាំ ឈ្មោះ អ៊ឹង សុង ជាម្ចាស់ទីតាំងផ្ទះលេខ១០បេអឺសូន្យ ផ្លូវលេខ១៤១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា លក់ផលិតផលប៊ីចេងសញ្ញារូបវែកក្រហម ដែលរំលោភកម្មសិទ្ធិបញ្ញា ត្រូវបានលោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចនៅរសៀលថ្ងៃទី២៦ ខែមករា ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទវេចខ្ចប់ ស្តុកនិងចែកចាយនូវទំនិញក្លែងក្លាយ។
ចំណែកម្ចាស់ទីតាំងផ្ទះលេខ២៣អា ផ្លូវលេខ១២៥ ដែលគេចខ្លួនបាត់មិនមានអត្តសញ្ញាណរងការចោទប្រកាន់ពីបទវេចខ្ចប់ស្តុក និងចែកចាយនូវទំនិញក្លែងក្លាយ និងស្ត្រីឈ្មោះ តាំង សៀងខេង អាយុ៣០ឆ្នាំ ម្ចាស់ទីតាំងនៅផ្ទះលេខ១៤បេអឺសូន្យ ផ្លូវលេខ១៤១ ដែលរងនូវការចោទប្រកាន់ពីបទលក់ទំនិញក្លែងក្លាយតុលាការនឹងបន្តនីតិវិធីតាមរូបភាពជនត្រូវចោទនៅក្រៅឃុំ។
គួរបញ្ជាក់ថា ប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងវេចខ្ចប់ និងលក់ផលិតផលប៊ីចេងសញ្ញារូបវែក ដែលរំលោភកម្មសិទ្ធិបញ្ញា ស្ថិតនៅបីទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនម្ចាស់ទីតាំងចំនួនពីរនាក់ និងរឹបអូសបានផលិតផលប៊ីចេងក្លែងក្លាយរំលោភកម្មសិទ្ធិបញ្ញាសរុបជាង៣.០០០គីឡូក្រាម រួមនឹងឧបករណ៍វេចខ្ចប់ជាច្រើនទៀត។
លោក មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះបង្ក្រាបបទល្មើសនេះតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនប៊ីចេងសញ្ញារូបវែកដែលជាក្រុមហ៊ុនស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។

លោក មាស រ៉ាវុធ បានឱ្យដឹងទៀតថា សមត្ថកិច្ចរបស់លោកបានអនុវត្តតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនប៊ីចេងសញ្ញារូបវែក ដែលបានស្រាវជ្រាវរកឃើញថា មានឈ្មួញ មានលក់ផលិតផលប៊ីចេងរូបវែក ដែលរំលោភកម្មសិទ្ធិបញ្ញា ដែលបម្រុងធ្វើចរាចរណ៍លើទីផ្សារមួយចំនួន។
មកដល់ល្ងាចថ្ងៃទី២៤ ខែមករា ម្ចាស់ទីតាំងម្នាក់ឈ្មោះតាំង សៀងខេង ភេទស្រី អាយុ៣០ឆ្នាំ បានត្រូវនាយកដ្ឋានប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដោះលែងវិញដោយមានមេធាវីធានា។
ម្យ៉ាងដែរសំណុំរឿងប៊ីចេងតែមួយ ម្នាក់ជាប់គុក ២នាក់ទៀតរួចខ្លួន ពិតជានគរបាលយុត្តិធម៌មែនតើ៕