Sponsor
រិទ្ធី

យោងតាមដីកាកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ បានឱ្យដឹងថា៖ ព្រះរាជអាជ្ញារង សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញ លោក សម រង្ស៊ី ជាជនសង្ស័យ មានទីលំនៅដ្ឋានសព្វថ្ងៃនៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០ នាទីព្រឹក។

គោលបំណងនៃការកោះហៅនេះ ដើម្បីសាកសួរបំភ្លឺ ទាក់ទងនឹងបណ្តឹង លោក វង្ស ភក្តី ជាមេធាវីតំណាងដោយអាណត្តិ របស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ប្តឹងពីបទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថ កាលពីខែធ្នូ ឆ្នាំ២០១៧។

លោក សម រង្ស៊ី អតីតប្រធានអតីគណបក្សសង្គ្រោះជាតិដែលពោរពេញដោយបណ្តឹង ធ្លាប់បាននិយាយថា គាត់កាន់តែសប្បាយចិត្ត កាលណាមានបណ្តឹងកាន់តែច្រើន។
 
លោក សម រង្ស៊ី នៅតែយល់ឃើញថា កងកម្លាំងប្រដាប់អាវុធរបស់ជាតិ មានតួនាទី និងភារកិច្ច គ្រាន់តែដើម្បីការពារទឹកដីប្រទេសកម្ពុជា ក្នុងករណីមានការឈ្លានពានពីបរទេស តែប៉ុណ្ណោះ។ ហើយលោកនៅតែអំពាវនាវ ឲ្យកងកម្លាំងប្រដាប់អាវុធ កុំស្តាប់បង្គាប់ជនផ្តាច់ការណា ដែលបញ្ជាឲ្យបាញ់ប្រហារ ទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលទាមទារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដោយសន្តិវិធី។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor