Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា អតីតក្រុមអតីតគណបក្សសង្គ្រោះជាតិធ្វើអ្វីៗសុទ្ធតែបរាជ័យ ទោះបីជាខំឲ្យបរទេសមកជួយក៏មិនអាចស្រោចស្រង់បានដែរ។

លោក សុខ ឥសាន បានសរសេរតាម​ប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨លើកឡើយយ៉ាងដូច្នេះថា ក្រោយបក្សប្រឆាំង ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលស្របតាមបទល្មើសច្បាប់របស់ខ្លួន និងបន្ទាប់ពី​ កឹម សុខា ត្រូវចាប់ខ្លួន ពីបទសន្និដ្ឋិភាពឃុបឃិតជាមួយរដ្ឋបរទេសប៉នប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មក ក្រុមមន្ត្រីរបស់អតីតបក្សប្រឆាំងបានរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីទៅឱបដៃឱបជើងចៅហ្វាយនាយឲ្យជួយស្រោចស្រង់ខ្លួន ដោយវិធីផ្សេងៗតាមដែលអាចធ្វើបាន។

លោកបញ្ជាក់ថា «ទោះខិតខំអង្វរកយ៉ាងណា ក៏មិនឃើញហុចផលអ្វីសោះឡើយ។ ដូច្នេះមេឧទ្ទាមម្តងរត់ទៅខាងនេះ ម្តងរត់ទៅខាងនោះ ឆ្លេឆ្លាដូចមាន់រកពង។ ថ្មីៗនេះ ស្រាប់តែបែកគំនិតបង្កើតរបស់ដែលហៅថា ចលនាសាង្គ្រោះជាតិស្អីគេនោះ ដើម្បីបាន​ដោះលែង កឹម សុខា ឲ្យបក្សដែលស្លាប់ហើយរស់ទ្បើងវិញ ហើយថា ឲ្យលទ្ធិប្រជាធិបតេយ្យដំណើរការជាថ្មី។ គោលដៅរបស់ដែលហៅថា ចលនាសាង្គ្រោះជាតិស្អីគេនោះ ដែលជាចលនាឧទ្ទាមខុសច្បាប់ មិនត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់នោះទេ តែបើនៅក្នុងស្រុកប្រាកដជាជាប់គុកចំពោះមុខច្បាប់ជាមិនខាន»

លោកបន្តថា ដោយអស់ក្បួនហក់លោត ឥឡូវស្រាប់តែមកស្នើសុំឲ្យលើកពេលបោះឆ្នោតឯណាឆ្កុយទៅវិញ។  មេឧទ្ទាមយល់ច្រឡំហើយ មិនអាចយកប្រជាជនកម្ពុជាធ្វើចំណាប់ខ្មាំងបានជាដាច់ខាត កុំយល់ច្រឡំឲ្យសោះ។ កាលបរិច្ឆេទបោះឆ្នោត ត្រូវបាននាយករដ្ឋមន្ត្រីកំណត់រួចហើយ។ ដូច្នេះការបោះឆ្នោតជ្រើសតាំងសមាជិព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់អត់ផ្លាស់ប្តូរជាដាច់ខាត។

ការដែលមិនអាចរកបានគំនាបដាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ការដែលមិនអាចធ្វើបានមកលើប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសន្តិភាព និងការដែលស្នើនេះស្នើនោះមិនបានសម្រេចផល គឺជាការបរាជ័យដ៏ធ្ងន់ធ្ងររបស់ពួកឧទ្ទាមក្រៅច្បាប់យ៉ាងជាក់ស្តែងគ្មានការគាំទ្រពីមេក្លោងបរទេស និងពីប្រជាជនកម្ពុជា ដែលធ្វើឲ្យពួកឧទ្ទាមនេះឈានទៅរកការវិនាសសាបសូន្យនាពេលឆាប់ៗនេះជាមិនខានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor