Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន បានអះអាងថា នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលភាសាអង់គ្លេសហៅថា Human Rights Watch កំពុងតែរំលោភសិទ្ធិមនុស្សឆ្លងទ្វីប។

លោក ពេជ្រ ស្រស់ បានលើកឡើងថា លោក Phil Robertson គួរតែបិទអង្គការស្អីគេ Human Rights watch ចោលទៅ ដោយហេតុលោកមិនសមធ្វើជាមនុស្សពត់តម្រង់ឲ្យមនុស្សគោរពសិទ្ធិមនុស្សនោះទេ។

ប្រធានគណបក្សយុវជនវ័យក្មេង ដែលទើបប្រឡូកវិស័យនយោបាយបានបញ្ជាក់យ៉ាងដូច្នេះថា «លោក Phil Robertson បាននឹងរំលោភសិទ្ធិមនុស្សឆ្លងទ្វីបហើយ ដោយលោកធ្វើការប្រកាន់ខ្ញុំទាំង លោកមិនបានដឹងអំពីស្ថានភាពរបស់ខ្ញុំច្បាស់លាស់ ម្យ៉ាងទៀតលោកបានបញ្ជាតុលាការកម្ពុជាឲ្យមកកាត់ទោសខ្ញុំ វាគឺជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរបំផុត»

លោកបន្ថែមថា ក្នុងនាមបរទេសមិនគួរញុះញង់ជាតិសាសន៍ដទៃឲ្យបែកបាក់ផ្ទៃក្នុងនោះឡើយ ហើយតុលាការបានព្យាយាមដោះស្រាយបណ្តឹងជូនជនរងគ្រោះ ដោយឈរលើគោលការស្មើរភាព ដើម្បីឲ្យជនរងគ្រោះទទួលបាននូវភាពយុត្តិធម៌ ហើយខណៈនេះដែរ ខាងជនរងគ្រោះកំពុងតែទទួលបាននូវយុត្តិធម៌ពីតុលាការហើយ ក្រោយពីតុលាការបានរកឃើញអំពីតម្រុយប្រពឹត្តបទល្មើសរបស់ជនទាំងបីនោះ ដែលជាអតីតអ្នកដឹកនាំការងារបុណ្យសពលោកបណ្ឌិត កែម ឡី ។ ម្យ៉ាងវិញទៀត សូមលោកដែលជាភ្នាក់ងារការសែតភ្នំពេញប៉ុស្តិ៍ជួយផ្សាយនូវខ្លឹមសាររបស់ខ្ញុំឲ្យអស់អត្ថន័យផង ដើម្បីជៀសវាងមានការភាន់ច្រឡំនូវមតិសាធារណៈ។

សូមជម្រាបថា ការលើកឡើងរបស់ប្រធានគណបក្សយុវជនកម្ពុជានេះ បន្ទាប់ពីលោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ស្រងសំដីផ្សាយថា លោក ពេជ្រ ស្រស់ ជាអ្នកនយោបាយមិនដឹងអ្វីសោះទាក់ទងនិងរឿងលោក កែម ឡី។

លោក Phil Robertson បញ្ជាក់ថា «ទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងរបស់ ពេជ្រ ស្រស់ ដើម្បីទទួលបានរង្វាន់ពីគណបក្សប្រជាជនកម្ពុជា ហើយបើសិនជាតុលាការអនុញ្ញាតឲ្យគេប្រើប្រាស់ខ្លួនតាមរបៀបនេះ វាអាក្រក់ខ្លាំងជាងអ្វីដែលគេធ្លាប់បានគិត។ ផ្លូវដែលនាំទៅរកយុត្តិធម៌តែមួយគត់ គឺផ្តន្ទាទោស ពេជ្រ ស្រស់ ដោយសារតែការដាក់ពាក្យបណ្ដឹងក្លែងក្លាយនេះហើយបំផ្លាញពេលវេលារបស់តុលាការ»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor