
ភ្នំពេញ៖ ថ្ងៃទី០៩ មករា ឆ្នាំ២០១៨ នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក យើងឃើញមានការចែករំលែកតគ្នាយ៉ាងច្រើនកុះករ បន្ទាប់ពីបែកធ្លាយវីដេអូ ប៉ូលិសស័ក្ក៤ម្នាក់ បានប្រើប្រាស់អំពើហិង្សា វាយទៅលើមន្ត្រីកិច្ចសន្យា (ប៉ូលិសចរាចរណ៍ នៃសាលារាជធានីភ្នំពេញ) ដោយទាញកអាវអូស រួចលើកជើងធាក់ចំកណ្ដាលទ្រូង បណ្ដាលឲ្យផ្ងារក្រោយ ខណៈដែលមន្ដ្រីកិច្ចសន្យានោះ កំពុងតែលត់ជង្គង់ ព្រមទាំងលើកដៃគោរពទៅលើមន្ត្រីនគរបាលបង្ករូបនោះ ក្នុងន័យបង្ហាញថា សុំទោស។

មន្ដ្រីចរាចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីប្រើអំពើហិង្សាពីសំណាក់នគរបាលពាក់ស័ក្តិ៤រូបនេះ បានកើតឡើង នៅស្ដុបត្រឡោកបែក ដោយនគរបាលរូបនេះ បានបើករថយន្ដម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ប៉ុន្ដែដោយខុសច្បាប់ចរាចរណ៍ ក៏ត្រូវបានក្រុមមន្ដ្រីជាប់កិច្ចសន្យានោះឃាត់ដើម្បីសួរនាំ ប៉ុន្ដែការអនុវត្តច្បាប់បែបនេះ ធ្វើឲ្យនគរបាលនោះខឹង រហូតឈានដល់ការប្រើអំពើហិង្សាតែម្ដងទៅ៕
់រហូតមកដល់យប់ថ្ងៃដដែរនេះ បើតាមការចុះផ្សាយពីសារព័ត៌មាន FreshNews នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ដ្រីនគរបាលពាក់ស័ក្តិ៤ ដែលប្រើប្រាស់អំពើហិង្សានេះ មានឈ្មោះថា ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយត្រូវបានចាប់ខ្លួនតាំងពីវេលាម៉ោងជាង៩ព្រឹកមិញមកម្ល៉េះ។

រីឯមន្ដ្រីជាប់កិច្ចសន្យា ដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងនោះ ឈ្មោះ អឿន ចំណាន។

នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា សម្រាប់មន្ដ្រីនគរបាលដែលប្រើអំពើហិង្សារូបនេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីវិនិច្ឆ័យទោស នៅថ្ងៃស្អែកដោយគ្មានការលើកលែងឡើយ៕