
ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូ ត្រូវក្រុមយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងតាមបាញ់ប្រហារចំនួន២គ្រាប់ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើល ដល់សមត្ថកិច្ចខណ្ឌចំការមនចុះមកអន្តរាគមន៍ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវទាំងយប់។
ករណីផ្ទុះអាវុធនេះ កាលពីវេលាម៉ោង១០៖១០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៨៧ កែងផ្លូវ១៤៣ មុខហាងកាហ្វេ KIRIRUM ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសំដីសាក្សីទី១ បានឲ្យអ្នកយកព័ត៌មាន Cam Post ដឹងថា មុនពេលកើតហេតុគាត់ឃើញជនរងគ្រោះបានជិះម៉ូតូបត់ចូលនៅហាងកាហ្វេ KIRIRUM នៅតាមផ្លូវ២៨៧ កែង១៤៣ ភ្លាមនោះស្រាប់តែឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Dream ស៊េរី២០១៧ ស្លាកលេខភ្នំពេញ 1AS-1788 បានស្រែកដាក់ជនរងគ្រោះថា "អាហ្នឹងហើយ" រួចក៏បានដកកាំភ្លើងខ្លីបាញ់ឡើងលើមួយគ្រាប់ ចំណែកជនរងគ្រោះបានបក់ដៃហៅជនសង្ស័យឲ្យមកវិញ ជនសង្ស័យក៏ជិះទៅបាញ់មួយគ្រាប់ទៀត ចំធ្លុះកញ្ចក់ទ្វារហាងកាហ្វេ KIRIRUM រួចក៏ជិះបកមករកជនរងគ្រោះវិញ ស្រាប់ជនរងគ្រោះរត់ចូលហាងបាត់ ទើបជនសង្ស័យទាំង៣នាក់នោះជិះរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
សូមជម្រាបថា ករណីផ្ទុះអាវុធនេះ មិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។

បើតាមសាក្សីទី២ ដែលនៅក្បែរកន្លែងកើតហេតុក៏ បានប្រាប់ឲ្យ Cam Post ដឹងដែរថា មុនកើតហេតុប្រហែលជា១០នាទី គេឃើញជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ Dream ស៊េរី២០១៧ ស្លាកលេខភ្នំពេញ 1AS-1788 បានជិះឆ្វែលជុំវិញហាងចិនសាច់អាំងក្បែរកន្លែងកើតហេតុនោះពីរជុំហើយ ស្រាប់តែជិះមកម្ដងទៀត ក៏បាននិយាយថា អាហ្នឹងទាល់តែបាញ់ ហើយក៏ជិះហួសទៅបាត់ មួយសន្ទុះក្រោយមក ក៏លាន់ឮសំឡេងផ្ទុះអាវុធមួយគ្រាប់ ហើយមួយភ្លេតទៀតក៏ឮមួយគ្រាប់ទៀត បង្កការភ្ញាក់ផ្អើលឡើងតែម្ដង។
បន្ទាប់ពីមានការផ្ទុះអាវុធរួចមកគេសង្កេតឃើញសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុហើយជួយគ្នាដើររកឃើញសំបកកាទុស២គ្រាប់ បង្ហាញឲ្យក្រុមអ្នកសារព័ត៌មានថតទុកជាភស្តុតាង ដែលជនសង្ស័យបានធ្វើសកម្មភាពបាញ់ រួចហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោលសូន្យឈឹងនោះ។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងកេងកង២រួចហើយ។
យ៉ាងណាមិញហេតុការណ៍ផ្ទុះអាវុធខាងលើនេះ សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថា ជារឿងអ្វីនោះទេ ដោយសុំធ្វើការស្រាវជ្រាវសិន៕






