
ភ្នំពេញៈ លោកគ្រូបង្រៀនម្នាក់ឌុបកូនទៅរៀន បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកតុមាលា។
គ្រោះថ្នាក់ដ៏រន្ធត់នេះ កើកហេតុនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃ១០ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៨ ត្រូវនឹងថ្ងៃ១១ ខែមករា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្បែររបងពេទ្យព្រះកតុមាលា សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះឈ្មោះ ខឹម ចាន់ដារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរសាស្ត្រាចារ ស្នាក់នៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិះម៉ូតូម៉ាក PCX ពណ៌ស ស្លាកលេខភ្នំពេញ 1GB 4994 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឌុបកូនទៅរៀននៅបឋមសិក្សាចតុមុខតាមផ្លូវព្រះស៊ីសុវត្ថិទិសដៅពីលិចទៅកើតស្រាប់តែមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តពីរគ្រឿងប្រជែងគ្នា ក៏មានថយន្តមួយគ្រឿងប្រភេទរថយន្តទេសចរណ៍២៤កៅអី ពណ៌ខៀវ លាយពណ៌ស ស្លាកលេខភ្នំពេញ 3D 9578 បើកបរតាមផ្លូវព្រះស៊ីសុវត្ថិ ស្របទិសជាមួយម៉ូតូរងគ្រោះបានប៉ះដៃចង្កូតម៉ូតូ បណ្ដាលឲ្យដួលបោកក្បាលរបូតមួកសុវត្ថិភាពពីក្បាលរួចរថយន្តកិនពីលើ រងរបួលធ្ងន់ ភ្លាមៗនោះជនរងគ្រោះត្រូវបានអ្នកឃើញហេតុការណ៍បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកេតុមាលាតែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ចំណែកអ្នកបើកបររថយន្តបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តបង្កនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រោយ៕


