
កោះកុងៈ កម្លាំងអាវុធហត្ថក្រុងខេមរភូមិន្ទ ដឹកនាំផ្ទាល់ដោយលោក ចន សុខុម កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ម្សិលម៉ិញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចបន្លំប្តូរយកមាស នៅចំណុចផ្ទះលេខ០៩ ស្ថិតក្នុងភូមិ្ល១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
យោងតាមប្រភពព័ត៌មានពីលោក ចន សុខុម មេបញ្ជាការអាវុធហត្ថក្រុង បានថ្លែងឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីជនរងគ្រោះឈ្មោះ វុធ ប៊ុនណារដ្ឋ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងមានមុខរបរជាអ្នកលក់មាស ថា មានករណីបន្លំប្តូរយកមាស លោកបានដឹកនាំកម្លាំងអាវុធហត្ថក្រុង ចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ក៏កំណត់បាននូវមុខសញ្ញាជនសង្ស័យហើយក៏បានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ប្រភពដដែលបានបន្តថា មុខសញ្ញាដែលកម្លាំងអាវុធហត្ថក្រុង បានធ្វើការឃាត់ខ្លួនមានឈ្មោះ ហៀង ចន្ថា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងធ្វើការដកហូតបានវត្ថុតាងខ្សែកពណ៌ទង់ដែង ចំនួន២ខ្សែ (១ជាកាឡៃ ១ជារបស់ពិត )។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងអាវុធហត្ថក្រុង កំពុងកសាងសំណុំរឿង បញ្ជូនបន្តទៅអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕


