
ភ្នំពេញៈ ប្រតិបត្តិការក្ដៅរបស់កម្លាំងប៉េអឹម ធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នា តាំងពីខេត្តស្វាយរៀង តាមដល់ក្រុងភ្នំពេញ បានច្បាមមេខ្លោងម្នាក់ និងបក្ខពួកសរុបចំនួន៧នាក់ ព្រមទាំងដកហូតបានថ្នាំញៀនជាង៥គីឡូក្រាម អាវុធមួយដើម និងវត្ថុតាងជាច្រើនផ្សេងទៀត។ ប្រតិបត្តិការនេះ បានធ្វើឡើងចំនួន២លើក នៅខណ្ឌជ្រោយចង្វារ និងខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការដ៏ក្ដៅខាងលើនេះ ធ្វើឡើងតាំងពីយប់ថ្ងៃទី២០ ដល់រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ សម្របសម្រួលដោយលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រភពព័ត៌មានសមត្ថកិច្ចខណ្ឌជ្រោចង្វារ បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ចាប់តាំងពីម៉ោង១១៖២០នាទីយប់ ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ បានសហការជាមួយកម្លាំងចម្រុះខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចអូតែល មេគង្គ វីយូ ថោវ័រ (Mekong View Tower) ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៧ នៅក្នុងប្រតបត្តិការទាំង២លើក រួមមាន ១-ឈ្មោះ ង្វៀង ធីទឿងអាន ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម ២-ឈ្មោះ ង្វៀង ហុងដាំ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ៣-ឈ្មោះ ង្វៀង ថៃសឺន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ៤-ឈ្មោះ ហ្វង់ ហុងហ្វី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម ៥-ឈ្មោះ ជ័យ សុភាព ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ៦-ឈ្មោះ ពៅ លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ និង៧-ឈ្មោះ ឃិន វិសាល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។
ជាមួយគ្នា សមត្ថកិច្ចក៏រឹបអូសវត្ថុតាងរួមមាន រុក្ខជាតិក្រៀមចំនួន២កញ្ចប់ធំល្មម ក្រាមសថ្លា ចំនួន៦កញ្ចប់ធំ ស្មើ៤៩,១ក្រាម ថ្នាំគ្រាប់ពណ៌ទឹកក្រូច១៨៩,៦ក្រាម ខ្សែកលោហៈធាតុពណ៌ខៀវ១ខ្សែ អាវុធ១ដើមម៉ាក P២៣០ គ្រាប់៧ បង់១ ពិលឡាស៊ែ១ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿងម៉ាក ឌូក ពាក់ស្លាកលេខ ភ្នំពេញ ១FC-៦៥២៥ រថយន្ត១គ្រឿងម៉ាក ព្រូស ពាក់ស្លាកលេខ ភ្នំពេញ ២AP-៣២៦០ ប្រាក់៨៥០០ដុល្លារ និង៤៥០០០០រៀល ព្រមទាំងប្រដាប់ប្រដាលសម្រាប់ជក់មួយចំនួន។
បើតាមប្រភពព័ត៌មានខាងលើ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យហើយនោះ កម្លាំងជំនាញនៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី២២ ខែមករានេះ ក៏បានបើកប្រតិបត្តិការទី២យ៉ាងរហ័ស ដោយបានចុះទៅធ្វើការឆែកឆែរនៅចំណុចផ្ទះជួល ស្ថិតតាមផ្លូវលំមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានរឹបអូសគ្រឿងញៀនបន្ថែមទៀត។
យ៉ាងណា រហូតមកទល់នឹងយប់ថ្ងៃច័ន្ធនេះ Cam Post នៅមិនទាន់ទទួលព័ត៌មានលម្អិតផ្សេងទៀត ក្នុងប្រតិបត្តិការដ៏ក្ដៅរបស់កម្លាំងកងរាជអាវុធហត្ថនៅឡើយទេ ហើយបច្ចុប្បន្ន ជនសង្ស័យក៏ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ថែមទៀត ខណៈវត្ថុតាងបញ្ជូនទៅឲ្យកម្លាំងអាវុធហត្ថខេត្តស្វាយរៀង៕



















