
កំពង់ស្ពឺៈ សួរថា តើអ្នកណាហ៊ានប្រឈមមុខនឹងសង្រ្គាម? អ្នកណាហ៊ានចូលសមរភូមិចោលប្រពន្ធកូន? ដើម្បីរំដោះប្រទេស សម្តេចខិតខំប្រឹងប្រែងស្ទើរតែមួយជីវិតគាត់ រហូតមកដល់ពេលនេះ គាត់នៅមានភារកិច្ចចាំបាច់ ដើម្បីដឹកនាំប្រទេសបន្ថែមទៀត មិនមែនចេះតែសន្យាៗ សន្យាខ្យល់នោះទេ។ នេះជាប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត ដែលបានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តកណ្តោលដុំ ស្ថិតក្នុងភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។
លោក ហ៊ុន ម៉ាណែត ឲ្យដឹងថា ថ្ងៃនេះ គឺជាការធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាលាបាលី និងសមិទ្ធផលនានាក្នុងទីអារាម ដែលបានចំណាយថវិកាអស់ប្រមាណចំនួន៣៤១.៣០០ដុល្លារ នេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ទឹកដីខេត្តកំពង់ស្ពឺ ហើយបម្រើឲ្យប្រយោជន៍សាធារណៈ។ ទាំងអស់នេះ បានស្តែងចេញអំពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ គណៈកម្មការ ប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងក្នុងស្រុក និងក្រៅប្រទេស។
កូននាយករដ្ឋមន្ត្រីរូបនេះ បន្ថែមថា សមិទ្ធផលទាំងអស់ខាងលើនេះ អាចធ្វើទៅបាន គឺពិតជាមិនអាចខ្វះនូវគុណថ្ងៃ៧មករា និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលបានឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ដល់សាធារណៈមតិ និងអន្តរជាតិ ឲ្យឃើញច្បាស់ពីការអភិវឌ្ឍន៍រីកចម្រីនរបស់ប្រទេសជាតិ។ រាជរដ្ឋាភិបាល អាចបន្តដឹកនាំ និងបន្តផ្តល់ការអភិវឌ្ឍន៍ជូនពលរដ្ឋបាន គឺអាស្រ័យលើការគាំទ្រ និងផ្តល់យុត្តិធម៌ ប្រកបដោយសច្ចៈភាពពីប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត ៖ “គ្មានសមិទ្ធផលណាកើតឡើង ដោយគ្មានការចាប់ផ្តើមធ្វើនោះទេ ហើយក៏មិនមានអ្វីដែលស្រួលជាងអត់ធ្វើតែម្តង ឬហៅថា សន្យាចោល។ ហើយបើគ្មានការគិតផ្តួចផ្តើមពីដំបូង ក៏គ្មានការចាប់ផ្តើមផងដែរ ការគិតផ្តួចផ្តើមដំបូងកើតឡើងបាន គឺច្បាស់ណាស់ អាស្រ័យលើឱកាស និងលក្ខខ័ណ្ឌរបស់ប្រទេសជាតិយើងស្ថិតស្ថេរក្នុងសន្តិភាព ស្ថិរភាពសង្គម ដែលជាដើមចមនៃការផ្តួចផ្តើមកសាង”៕

















