
ឧត្តរមានជ័យៈ មានព័ត៌មានដ៏រសើបមួយបានលេចឭឡើងថា កូនចៅរបស់លោក សុខា រិទ្ធ ដែលគេស្គាល់ថា ជាប្រធានក្រុមយោធាអង្គរក្ស បានបាញ់បោះ២គ្រាប់ គំរាមយកយកដីពីក្រុមហ៊ុន ទំរីងរ៉ាប់ប៊ើរ ស្ថិតនៅទីតាំងដីក្រុមហ៊ុន ក្នុងភូមិអូរតាម៉េង ឃុំ-ស្រុកអន្លង់វែង ខេត្តមានជ័យ។
ពាក់ព័ន្ធនឹងករណីនេះ តំណាងក្រុមហ៊ុនខាងលើបានឲ្យដឹងថា ក្រោយពីមានការបាញ់បោះ គំរាមកំហែង និងបង្កហិង្សាមកលើបុគ្គលិកក្រុមហ៊ុនរបស់លោករួចមក លោកបានទៅប្ដឹងសមត្ថកិច្ចនគរបាលស្រុកអន្លង់វែងដែរ តែមិនបានរកភាពយុត្តិធម៌ជូនពួកគាត់ទេ។
តំណាងក្រុមហ៊ុនបានបន្តថា កាលពីថ្ងៃទី៩ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ក្រុមយោធាអង្គរក្ស៥នាក់ ដឹកនាំដោយលោក សុខា រិទ្ធ ប្រដាប់ដោយអាវុធ ម៉ាកអាការគ្រប់ដៃ បានគំរាមឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន ហើយកងកម្លាំងយោធាដែលនៅទីនោះ ក៏បានធ្វើការរារាំងមិនឲ្យខាងក្រុមហ៊ុនតបត នៅលើដីសម្បទានរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលបានផ្ដល់ជូននោះដែរ។
ប្រភពដដែលបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ២០១១មក ខាងក្រុមបានទទួលសិទ្ធិវិនិយោគ និងធ្វើការឈុសឆាយរៀបចំ តែមិនឃើញខាងយោធាចេញមុខតវ៉ានោះទេ ទើបតែពេលនេះ ស្រាប់តែមានកម្លាំង៤ទៅ៥នាក់ ចេញមុខមកតវ៉ាថាជាដីរបស់ពួកគេ ដោយមានប្រដាប់អាវុធគ្រប់ដៃ មកគំរាមយកដីក្រុមហ៊ុនបែបនេះទៅវិញ។
ទាក់ទិនករណីនេះ លោក សុខា រិទ្ធ ប្រធានក្រុមយោធាអង្គរក្ស បានឲ្យដឹងដែរថា កូនចៅរបស់លោកបានបាញ់បោះពិតមែន គឺគ្រាន់តែស្ដារកាណុងកាំភ្លើងប៉ុណ្ណោះ ព្រោះកាំភ្លើងសុទ្ធតែថ្មីៗ ហើយកងកម្លាំងដែលយាមនៅទីនោះ សុទ្ធតែមានបទបញ្ជាពីនាយឧត្តមសេនីយ៍ទៀតផង ព្រោះដីនៅទីនោះ សុទ្ធសឹងតែជាដីរបស់មេនាយឧត្តមសេនីយ៍ទាំងអស់ តែលោកមិនបានបញ្ជាក់ឈ្មោះថា ជាឧត្តមសេនីយ៍ណាម្នាក់នោះឡើយ៕
