
ភ្នំពេញៈ បន្ទាប់ពីឃើញអ្នកនយោបាយមួយចំនួន បានយកកិត្តិនាមបងប្រុសខ្លួន ដើម្បីកេងចំណេញនយោបាយនោះ ប្អូនប្រុសលោកបណ្ឌិត កែម ឡី បានបង្កើតគណបក្សនយោបាយថ្មីមួយ មានឈ្មោះថា គណបក្ស «កែម ឡី»។
ការបង្កើតគណបក្សនយោបាយថ្មីស្រឡាងនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចស្វាគមន៍យ៉ាងខ្លំាង ក្នុងការប្រកួតប្រជែងគ្នា សម្រាប់ការបោះឆ្នោតខាងមុខនេះ។
លោក កែម រិទ្ធិសិត ប្អូនប្រុស លោក កែម ឡី បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយបង្កើតគណបក្សនយោបាយ ឈ្មោះ កែម ឡី។ លោកបញ្ជាក់ខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចុះហត្ថលេខាផ្ទាល់ និងបានចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ យ៉ាង ដូច្នេះថា « ខ្ញុំបាទ កែម រិទ្ធិសិត ប្អូនប្រុសបង្កើតសពលោកបណ្ឌិត កែម ឡី សូមប្រកាសជម្រាបជូនជនរួមជាតិ បងប្អូន ដែលស្រឡាញរាប់អានលោកបណ្ឌិត កែម ឡី សារព័ត៌មានជាតិ និងអន្តរជាតិ ឲ្យបានជ្រាបថា ខ្ញុំនឹងបង្កើតគណបក្សនយោបាយថ្មីមួយ ដែលមានឈ្មោះថា «គណបក្សកែម ឡី» ដើម្បីចូលរួមបោះឆ្នោតនីតិកាលទី៦នៃរដ្ឋសភានៅថ្ងៃខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ»។
លោក បានបន្តថា ការបង្កើតគណបក្ស កែម ឡី គឺមានគោលបំណងយកទស្សនទានល្អៗ របស់លោកបណ្ឌិតទៅបន្តចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិកម្ពុជានៃយើង។ ជាពិសេសជាងនេះទៅទៀត ការបង្កើតគណបក្ស កែម ឡី ស្របតាមច្បាប់ គឺដើម្បីទប់ស្កាត់ដល់ ក្រុមជ្រុលនិយមមួយចំនួនតែងតែយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅធ្វើជាឧបករណ៍កេ ងចំណេញផ្នែកនយោបាយ ដើម្បីបម្រើហិច្ឆតារបស់ពួកគេជារៀងរាល់ថ្ងៃ។
លោកក៏បានស្នើដល់ជនរួមជាតិ ដែលជាស្រឡាញ់លោកបណ្ឌិត កែម ឡី ចូលរួមជាមួយ គណបក្ស កែម ឡី ដើម្បីរក្សាកិត្តិយសរបស់លោកបណ្ឌិត និងបន្តបេសកម្មឲ្យសម្រេចបំណង ប្រាថ្នា របស់លោកនៅថ្ងៃខាងមុខ។
ការបង្កើតគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងរបស់សន្លឹកឆ្នោតនៅពេលខាមុខនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចប្រកាសសូមស្វាគមន៍។
លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងនៅថ្ងៃទី២៥ កុម្ភៈ ថា នៅថ្ងៃទី២៤ កុម្ភៈ ២០១៨ នេះ លោក កែម រិទ្ធីសិត ប្អូនបង្កើតលោកបណ្ឌិត កែម ឡី បានប្រកា សបង្កើតគណបក្សនយោបាយថ្មីមួយ ដោយដាក់ឈ្មោះថា គណបក្ស កែម ឡី ដើម្បីប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ២០១៨ នេះ។
លោកបញ្ជាក់ថា «ទោះបីដាក់ឈ្មោះគណបក្សជាអ្វី ក៏ដោយ យើងសូមស្វាគមន៍ការបង្កើតគណបក្សនយោបាយថ្មីនេះ។ នេះសបញ្ជាក់ថា សិទ្ធិសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋ ត្រូវបានបើកទូលាយដូចមាន បញ្ជាក់ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាននឹងកំពុងរឹងមាំ និងរស់រវើក។ យើងរង់ចាំមើលការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិខាងមុខ នឹងកាន់តែមានអត្ថន័យនៅកម្ពុជា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»៕
