Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ និងនារីម្នាក់ទៀត ​ដែលគេអះអាងថា ​ជាបងប្អូនជីដូនមួយនឹងគ្នា បានស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធម៌បំផុត ព្រោះតែបុរសម្នាក់ សង្ស័យជាស្រវឹងស្រាផងនោះ បានបើករថយន្តកុងតឺន័រធុនធំមកបុកម៉ូតូខ្ទៀតជាប់ក្រោមរថយន្ត ហើយកិនជនរងគ្រោះទាំង២នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង៧៖៣០នាទីយប់ ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤​ កែងផ្លូវទំនប់កប់ស្រូវ (ស្តុបទំនប់កប់ស្រូវ) ​ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា សពជនរងគ្រោះទាំង២នាក់ រួមមាន ទី១​ឈ្មោះ​ អៀម​ ម៉ៅ ​ភេទប្រុស អាយុ១៩ឆ្នាំ​ និងទី២ឈ្មោះ ស៊ន ​ចាន់ធូ ភេទស្រី អាយុ១៨ឆ្នាំ​ ដែលអ្នកទាំងពីរ មានមុខរបរជាកម្មករកម្មការិនីរោងចក្រ ស្នាក់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំត្រពាំងរាំង ស្រុកជុំគីរី​ ខេត្តកំពត។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ ឲ្យដឹងថា ​នៅមុនពេលកើតហេតុ​​ គេសង្កេតឃើញយុវជនប្រុសស្រីទាំង២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DQ-5544 បានជិះឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត​ ខណៈមកដល់ស្ដុបកន្លែងកើតហេតុ ក៏បានបត់ឆ្វេងបម្រុងទៅផ្លូវទំនប់កប់ស្រូវ​។ ស្របពេលនោះ ស្រាប់តែមានរថយន្តបង្កប្រភេទកុងតឺន័រ ក្បាលពណ៌ស​ តួពណ៌ក្រហម ​តែគ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា​ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ហើយបុកម៉ូតូជនរងគ្រោះពីចំហៀងទាំងកំរោល បណ្ដាលឲ្យម៉ូតូដួលចូលក្រោមកង់រថយន្តអូសជិត២០ម៉ែត្រ ​រងការខូចខាតយ៉ាងដំណំ។ ​ចំណែកយុវជនប្រុសស្រីរងគ្រោះទាំងពីរ ក៏ត្រូវរថយន្តបុក និងកិនផងដែរ បណ្ដាលឲ្យស្លាប់ទាំង២នាក់មួយរំពេច​។ ដោយឡែក ម្ចាស់រថយន្តបង្កវិញ ក៏ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។

ក្រោយមក​ ​សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ហើយបានជួយសម្រួលចរាចរណ៍ រួមទាំងទំនាក់ទំនងទៅសាច់ញាតិបងប្អូនសពជនរងគ្រោះទាំង២នាក់ ឲ្យមកដល់កន្លែងកើតហេតុ និងបានធ្វើឯកសារប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​​។ ចំណែករថយន្តបង្ក ទាំងអ្នកបើកបរ និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor