
នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសងស្ពានពីស្រុកស្ទឹងត្រង់ ឆ្លងទៅស្រុកក្រូចឆ្មារ ព្រមានដកអភិបាលរាជធានី-ខេត្ត ណាបណ្ដោយឲ្យមានរថយន្តបើកបរល្មើសទម្ងន់ និងរថយន្តកែច្នៃ (តទ្រុង) បើកបរលើផ្លូវ ដោយសម្តេចបានដាក់ឱសានវាទត្រឹមម៉ោង១២ យប់នេះ មិនឲ្យមានរថយន្តកែច្នៃ និងលើសទម្ងន់ បើកបរលើផ្លូវទៀតឡើយ បើមិនដូច្នេះទេ អ្នកដែលប្រឈមមុខបញ្ហាមុនគេ គឺអាជ្ញាធរមូលដ្ឋានតែម្ដង។
សម្តេច ហ៊ុន សែន បានថ្លែងថា ឡានតទ្រុងត្រូវបញ្ឈប់ មិនឲ្យបើកបរលើផ្លូវ បើមានទៀតចៅហ្វាយខេត្ត ចៅហ្វាយស្រុកទទួលខុសត្រូវ ។ ដឹងដៃ ហ៊ុន សែន ហើយ ដកចៅហ្វាយខេត្ត ត្រឹមតែ២៤ម៉ោងទេ…។ ដូច្នេះចាប់ពីម៉ោង១២យប់ទៅ ឈប់ឲ្យមានឡានតទ្រុងបើកបរលើផ្លូវ។ ហើយម្ចាស់ក្រុមហ៊ុន ដែលមានរថយន្តតទ្រុង ត្រូវកាត់ឲ្យហើយទៅ បើមិនកាត់កុំបើកបរលើផ្លូវ។ ហើយខ្ញុំនឹងតាមដានមើលលើបញ្ហានេះ។
សម្តេច ក៏ព្រមានបិទក្រុមហ៊ុនណាដែលនៅតែប្រព្រឹត្តល្មើសបទបញ្ជាសម្ដេចខាងលើនេះដែរ។ មូលហេតុដែលសម្ដេច ចេញវិធានការបែបនេះ ដោយសារតែរថយន្តធំៗ របស់ក្រុមហ៊ុនទាំងអស់នោះ បានបំផ្លាញផ្លូវអស់ជាច្រើនកន្លងមកនេះ។ ចាប់ពីម៉ោង១២យប់ទៅឈប់ឲ្យមាន។ ហើយទុកឲ្យឡើងមកតវ៉ានៅមុខផ្ទះ ហ៊ុន សែន មក ។ បើមានអ្នកមកតវ៉ានៅមុខផ្ទះ ហ៊ុន សែន ចាប់ចូលគុកព្រៃសទាំងអស់…។ ហេតុអ្វីមកបំផ្លាញផ្លូវ ផ្លូវគេខំសុំលុយ ខ្ចីលុយគេមកកសាង ហេតុអ្វីមកបំផ្លាញ។ ហើយបើចាប់បានរថយន្តខុសច្បាប់នោះហើយ បើមានអ្នកណាហ៊ានដោះលែងវិញ និងមានបញ្ហាហើយ ខ្ញុំធ្វើអ្នកដោះលែងហ្នឹង។
ទាក់ទងនឹងបញ្ហាផ្លូវថ្នល់នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានសង្កត់ធ្ងន់លើការដឹកជញ្ជូនលើសទម្ងន់កម្រិត ដែលបានធ្វើឲ្យខូចខាតផ្លូវថ្នល់។លោក ថា រដ្ឋាភិបាលត្រូវចំណាយប្រមាណជិត ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗលើការជួសជុលផ្លូវ។
