
ភ្នំពេញៈ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកិច្ចប្រជុំពិភាក្សាលើកសេចក្តីព្រាងវិសោធនកម្មច្បាប់ចំនួន៣ និងសេចក្តីព្រាងច្បាប់ចំនួន១។ ក្នុងចំណោមច្បាប់ចំនួន៣ ក៏មានការពិនិត្យមើលឡើងវិញផងដែរ ពីវិសោធនកម្មលើច្បាប់ព្រហ្មទណ្ឌពីការប្រមាថអង្គព្រះមហាក្សត្រ។
កិច្ចប្រជុំនាព្រឹកនេះ ប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ទំាងអស់១៣រូប។ កិច្ចប្រជុំបានលើយករបៀបវារៈចំនួន៤ មកធ្វើការពិភាក្សា និងអនុម័ត ដើម្បីដាក់ទៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នៅពេលខាងមុខ រួមមាន ៖
១- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
២- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។
៣- ការពិភាក្សា និងអនុម័ត សេចក្តីព្រាប់ច្បាប់ ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។
៤- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានរដ្ឋសភា លើកដៃអនុម័តរួចរាល់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងមកហើយ។ ដោយក្នុងនោះ រួមមាន ៖
១- រដ្ឋសភា បានពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាន៣មាត្រា ដោយអង្គសភា បានអនុម័តយល់ព្រមទទួលយកសេចក្តីព្រាងច្បាប់ធម្មនុញ្ញ មកពិចារណាមានចំនួន១២៣សំឡេង។
២- អង្គសភា បានពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលមានពីរមាត្រា ហើយបានអនុម័តយល់ព្រម លើមាត្រា២ មានចំនួន១២៣សំឡេង។
៣. អង្គសភា បានពិភាក្សា និងអនុម័ត សេចក្តីព្រាប់ច្បាប់ ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ ហើយអង្គសភា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន១១៧សំឡេង។
៤- អង្គសភា បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដោយច្បាប់នេះ មាន៣មាត្រា និងត្រូវបានអនុម័តលើសេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន១២១សំឡេង៕
