
ប្រទេសថៃៈ យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវទាហានឈុតខ្មៅថៃចាប់ខ្លួន ក្នុងចំណោមមនុស្ស៦នាក់ទៀត បានរត់គេចខ្លួនដោយសុវត្ថិភាព ខណៈពួកគាត់បានលួចឆ្លងដែន ចូលកាប់ឈើគ្រញូងដោយខុសច្បាប់ ក្នុងទឹកដីប្រទេសថៃ ។
ប្រតិបត្តិការណ៍ឃាត់ខ្លួនពលរដ្ឋខ្មែរនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងទឹកដីថៃ ទល់មុខប៉ុស្តិ៍ភ្នំគុតឬស្សី ស្ថិតក្នុងភូមិសុផានហ៊ីម ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។
ពលរដ្ឋខ្មែរដែលទាហានឈុតខ្មៅថៃ អង្គភាពកងរយ៥៣៦ ចាប់ខ្លួននោះមានឈ្មោះ ស៊ឹម រ៉េន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិបឹងប្រីយ៍ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងនោះទាហានឈុតខ្មៅថៃរកឃើញ ឈើគ្រញូង៥ដុំ និងម៉ាស៊ីនត្រង់ស៊ីន័រអារឈើ ១គ្រឿង។

ចំណែកពលរដ្ឋខ្មែរ៦នាក់ទៀត ដែលបានរត់គេចខ្លួនខាងភាគីថៃ មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណពលរដ្ឋខ្មែរទាំង៦នាក់នោះនៅឡើយទេ ។ ពលរដ្ឋម្នាក់ ដែលថៃចាប់បានត្រូវបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្រាត ដើម្បីសួរនាំ ហើយបានជូនដំណឹងមកឲ្យកម្លាំងសមត្ថកិច្ចកម្ពុជាផងដែរ។
ខាងភាគីកម្ពុជា បានទំនាក់ទំនង ទៅច្រកព្រំដែន៥៦ ឃុំថ្មដា ស្រុកវាលវែង ដើម្បីចុះទៅសួរនាំស្រាវជ្រាវ និងស្វែងរកបក្ខពួក និងមេខ្យល់ ដែលផ្សំគំនិតចូលរួមលួចឆ្លងដែនចូលកាប់ឈើគ្រញូងខុសច្បាប់ នៅលើទឹកដីថៃ៕


