
កំពតៈ លោក Nquyen The cuong អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានមានប្រសាសន៍ថា លោកពិតជាមានកិត្តយស និងសប្បាយរីករាយខ្លាំងណាស់ក្នុងការមកបំពេញការងារ ភារកិច្ចតាមតួនាទីនៅក្នុងប្រទេសកម្ពុជា។ ពិសេសបានឃើញការអភិវឌ្ឍ រីកចម្រើនរបស់កម្ពុជា ឈានទៅមុខយ៉ាងឆាប់រហ័ស ហើយលោកបានបញ្ជាក់ច្បាស់ថា ទោះនៅក្នុងស្ថានភាព ឬកាលៈទេសៈបែបណាក៏ដោយវៀតណាមនៅតែបន្តរក្សាចំណងមិត្តភាពយ៉ាងស្អិតរមួតជាមួយកម្ពុជា ព្រោះវៀតណាម-កម្ពុជា ជាមិត្តម៉ឺនឆ្នាំ។
លោកបានលើកឡើងបែបនេះនៅក្នុងឱកាសដែលលោក ជាវ តាយ ដឹកនាំប្រតិភូខេត្តកំពតទៅសួរសុខទុក្ខ និងជូនពរដល់ក្រុមការងារអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកអគ្គកុងស៊ុល បានបន្តទៀតថា វៀតណាម-កម្ពុជា មានប្រពៃណីទំនៀមទម្លាប់ដ៏ល្អប្រពៃប្រហាក់ប្រហែលគ្នា ជាពិសេសការយកចិត្តទុកដាក់របស់ថ្នាក់ដឹងនាំកម្ពុជាគ្រប់លំដាប់ថ្នាក់ចំពោះការងារ និងសុខទុកមន្ត្រីរបស់លោក។ ហើយសកម្មភាព និងកាយវិការថ្នាក់ដឹកនាំខេត្តកំពតនាពេលនេះ គឺពិតជាបានឆ្លើយតប និងបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា ប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម នៅតែបន្តចំណងមិត្តភាពដ៏ល្អប្រសើរ និងនៅតែធ្វើជាមិត្តម៉ឺនៗឆ្នាំនិងគ្នាតទៅទៀត ។
លោក ជាវ តាយ អភិបាលខេត្តកំពតក៏បានបន្តលើកឡើងទៀតថា បើទោះបីជា លោកទើបតែបានមកកាន់តំណែងថ្មី ជាអភិបាលខេត្តក៏ពិតមែន ប៉ុន្តែក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋបាលខេត្តក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តកំពតទាំងមូល ក្នុងមនោសញ្ចេតនាជាជាបងប្អូនភូមិផងរបងជាមួយគ្នា លោកតែងតែសូមសំដែងការយកចិត្តទុកដាក់ និងថ្លែងអំណគុណចំពោះមន្ត្រីអគ្គកុងស៊ុល ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងបំពេញភារកិច្ចនៅក្នុងប្រទេសកម្ពុជា។
លោកអភិបាលខេត្ត សូមចូលរួមអបអរសាទរនិងជូនពរឆ្នាំថ្មីជាមួយ និងចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាមជាបងប្អូនពិសេស ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ដែលមានប្រពៃណីសាមគ្គីភាព មិត្តភាពពីយូរលង់មកហើយ។ លោកសូមឲ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនគ្នានៅតែបន្តនិងបង្កការរិតចំណងមេត្រីភាពឲ្យកាន់តែល្អប្រសើររឹងមាំបន្ថែមទៀត៕