
ព្រះវែងៈ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងក្រចេះ បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណរវាងរថយន្តធុនតូចបុកជាមួយរថយន្តធុនធំពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១១៖១០នាទីថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨A មុខរោងចក្រ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្ដព្រៃវែង។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេកកើតហេតុ គេឃើញរថយន្ដម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-3698 បើកបរដោយឈ្មោះ ទូច ថុន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរប្រធានការិយាល័យអប់រំយុវជន និងកីឡា ក្រុងក្រចេះ រស់នៅភូមិក្រចេះ ឃុំក្រចេះ ស្រុកក្រចេះ ខេត្ដក្រចេះ និងមានអ្នករួមដំណើរ៤នាក់ទៀត ស្រី៣នាក់ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានវ៉ារថយន្ដមួយទៀត ហើយក៏ជ្រុលទៅបុកនឹងរថយន្ដ ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខក្រចេះ ៣A-០៥ ៣១ ចំពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្តកូរ៉ូឡាស្លាប់ភ្លាមៗនឹងកន្លែង រីឯអ្នករួមដំណើររងរបួសធ្ងន់ ដោយអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយមិនស្គាល់អត្ដសញ្ញាណ ក្រោយកើតហេតុបានគេចខ្លួនបាត់។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្ដិ៍ស្មោងជើង រង់ចាំដោះស្រាយនៅពេលក្រោយ៕





