
ភ្នំពេញៈ លោក អ៉ឹង ង៉ាក់សេង សង្ស័យជាអគ្គនាយកក្រុមហ៊ុន «បុរី អេសធី» ដែលកំពុងចាប់ផ្ដើមបើកការដ្ឋានបុកគ្រិះសាងសង់ផ្ទះល្វែងលក់ នៅខាងកើតបេនឡានក្រុងគីឡូម៉ែត្រលេខ៩ តាមបណ្ដោយផ្លូវលំ ក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ មិនដឹងថាមានច្បាប់ត្រឹមត្រូវ ឬយ៉ាងណានោះទេ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បើទោះបីជាមានប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្បែរនោះ បន្តប្ដឹងចោទថា បានបុកគ្រិះធ្វើឲ្យរញ្ជួយ និងប្រេះស្រាំជញ្ជាំងផ្ទះរបស់ពួកគាត់យ៉ាងណាក៏ដោយ រហូតមានកិច្ចអន្តរាគមន៍ពីលោក ជា ពិសី អភិបាលខណ្ឌ បានចាត់ឲ្យមន្ត្រីជុំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យមួយដង ទៅពីរដងមកហើយក្ដី ដើម្បីឲ្យធ្វើការសម្របសម្រួល ទាំងការខួង ឬសង្កត់គ្រិះដាច់ខាត កុំឲ្យប៉ះពាល់ដល់ការរស់នៅ និងសំណង់ផ្ទះប្រជាពលរដ្ឋស្លូតត្រង់ តែខាងភាគីបុរី អេសធី នៅតែបន្តបង្ខំបុកគ្រិះសាងសង់ដដែល ជាដដែល ដោយគ្មានខ្លាចញញើតច្បាប់ទាល់តែសោះ។
យ៉ាងណាក៏ដោយ ស្ត្រីម្នាក់ឈ្មោះ គី ម៉ាក់ដែន មានវ័យ៣៥ឆ្នាំ មុខរបរបញ្ចូលហ្គាស ស្នាក់នៅជាប់ទីតាំងការដ្ឋានសំណង់ ដែលរងគ្រោះដោយសារតែការបុកគ្រិះសាងសង់ផ្ទះល្វែង របស់បុរីអេសធី ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារទៀត បានថ្លែងប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា គាត់គ្មានចេតនាឲ្យអាជ្ញាធរដែនដីផ្អាក ឬបិទការដ្ឋានរបស់ក្រុមហ៊ុន អេសធី នោះទេ តែសំណូមម៉្យាងចង់បានឲ្យខាងក្រុមហ៊ុន បើសិនជាមានច្បាប់សាងសង់ត្រឹមត្រូវពិតមែន មុននិងបុកគ្រិះគួរមកសម្របសម្រួលគ្នាសិន ដោយសារលំនៅដ្ឋានពួកគាត់នីមួយៗ កំពុងប្រេះស្រាំជញ្ជាំងផ្ទះជាច្រើនកន្លែងបណ្ដើរៗហើយ ដោយគ្មាននរណាចេញមុខមកទទួលខុសត្រូវ រាល់ការខូចខាតនោះឡើយ បើទោះបីជាមានមន្ត្រីមកពីភូមិ សង្កាត់ និងខណ្ឌ ក្រោមការបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌ បានចុះមកណែនាំ និងជូនដំណឹងឲ្យខាងភាគីបុរី ធ្វើយ៉ាងណា កុំឲ្យប៉ះពាល់ដល់ការរស់នៅ និងសំណង់ផ្ទះប្រជាពលរដ្ឋ តែខាងភាគីបុរី អេសធី នៅតែបន្តបង្ខំបុកគ្រិះសាងសង់ដដែល ជាដដែល ដោយគ្មានខ្លាចញញើតច្បាប់ទាល់តែសោះ។

ជាមួយគ្នានោះដែរ លោក ចាន់ ធា ជាបុគ្គលិកផ្នែកលក់ តំណាងអគ្គនាយកក្រុម បុរីអេសធី បានឲ្យដឹងយ៉ាងខ្លីផងដែរថា សម្រាប់ការដ្ឋានៅតែបន្តបុកគ្រិះសាងសង់ បើក្នុងករណីកំពុងបុកគ្រិះ ស្រាប់តែធ្វើឲ្យប៉ះពាល់លំនៅដ្ឋាន អាចរញ្ជួយ ឬប្រេះស្រាំជញ្ជាំងផ្ទះប្រជាពលរដ្ឋ នោះខាងបុរី និងចេញមុខមកទទួលខុសត្រូវរាល់ការខូចខាតមិនខានឡើយ។
បើទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារ ដោយសារតែការបុកគ្រិះសាងសង់ផ្ទះល្វែងរបស់ក្រុមហ៊ុន អេសធី ធ្វើឲ្យប្រេះស្រាំជញ្ជាំងផ្ទះពួកគាត់ សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយផ្ដល់កិច្ចអន្តរាគមន៍ផង ពីព្រោះមានការព្រួយបារម្ភណ៍ពេលដែលកំពុងសម្រាកពេលថ្ងៃ ខណៈគេបុកគ្រឹះធ្វើឲ្យរញ្ជួយធ្លាក់ទាំងដុំឥតពីលើ បណ្ដាលឲ្យប្រះស្រាំផ្ទះជាច្រើនកន្លែង ជាពិសេស ពេលពួកគាត់ទៅប្រាប់ម្ចាស់ការដ្ឋាន ឬជាងសំណង់ បែរជាឆ្លើយតបយ៉ាងសោះអង្គើយមកថា បើខូចខាតបាក់ត្រង់ចំណុចណា គេនិងចេញសងទៅវិញ៕









