Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានលោកគ្រូពេទ្យម្នាក់ នៅមន្ទីរពេទ្យគន្ធបុប្ផា បាននិយាយតាមសារហ្វេសប៊ុក (Facebook) ថា លោកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងសម្តេចតជោ ហ៊ុន សែន ដែលជាអគ្គនាយកទូរទស្សន៍បាយ័ន នឹងទៅគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា តែការលើកឡើងបែបនេះ បានធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រតិកម្មយ៉ាងខ្លាំងទៅនឹងគ្រូពេទ្យម្នាក់នោះ ហើយបានព្រមានថា មុននិយាយអ្វី ត្រូវប្រយ័ត្នប្រយែងរាល់ពាក្យសម្ដីរបស់ខ្លួន ហើយក៏ត្រូវគិតគូរឲ្យបានសព្វគ្រប់ផងដែរ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅតំបន់វត្តទឹកថ្លា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានចេញប្រតិកម្មថា សូមផ្ដាំទៅពេទ្យដែលវះកាត់ខួរក្បាលមួយ ដែលនៅគន្ធបុប្ផា ម្សិលមិញលោកឯងនិយាយខុស លោកឯងថា តិចទៀត ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់ខ្ញុំ នឹងទៅគ្រប់គ្រងមន្ទីរគន្ធបុប្ផា លោកឯងត្រូវប្រយ័ត្នប្រយែង ពាក្យសម្ដីទាំងអស់នេះ

សម្ដេច បញ្ជាក់ថា កូនស្រីរបស់សម្ដេចលោកស្រី ហ៊ុន ម៉ាណា គ្មានជំនាញ និងវិជ្ជាជីវៈ ខាងធ្វើអ្នកគ្រូពេទ្យ និងគ្រប់គ្រងមន្ទីរពេទ្យគុន្ធបុប្ផាបានឡើយ។ សម្ដេចថា មានអាខោនហ្វេសប៊ុកឈ្មោះ “សីហា” បានស្ដាប់សាររួច បានចែករំលែកសារនៅក្នុងហ្វេសប៊ុក ផ្ញើទៅហ្វេសប៊ុករបស់សម្ដេច ហើយអ្នកនិយាយនេះ គឺមន្ដ្រីពេទ្យគន្ធបុប្ផា ដោយសម្ដេចបានស្គាល់មុខ និងទីកន្លែងយ៉ាងច្បាស់ផងដែរ។

សម្ដេចសង្កត់ធ្ងន់ថា កូនស្រីរបស់សម្ដេច លោកស្រី ហ៊ុន ម៉ាណា គ្មានការពាក់ព័ន្ធជាមន្ទីរពេទ្យគន្ធបុប្ផាឡើយ ប៉ុន្ដែលោកស្រី ហ៊ុន ម៉ាណា បានបរិច្ចាគលុយមួយឆ្នាំៗ ១លានដុល្លារឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះកុមារនៅកម្ពុជា។

សម្ដេចតេជោអះអាងថា មន្ទីរគន្ធបុប្ផា ត្រូវតែដំណើរការបន្ដទៅមុខទៀត ទោះបីលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីពេទ្យគន្ធបុប្ផា ដែលកំពុងមានជំងឺធ្ងន់ធ្ងរ បានលាឈប់ពីមន្ទីរពេទ្យគន្ធបុប្ផាក៏ដោយ មន្ទីរពេទ្យនេះ ត្រូវដំណើរការរហូតសម្រាប់ព្យាបាលកុមារ។

ឆ្លៀតឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ត្រកូលហ៊ុនមិនមែនជាត្រកូលសម្រាប់អ្នកឯងមើលងាយនោះទេ ហើយមិនមែនត្រកូល សម្រាប់អ្នកឯងកម្ចាត់​ឡើយ ជាពិសេសត្រកូលមួយនេះ បានរួមចំណែកធ្វើឲ្យប្រជាពលរដ្ឋនៅកម្ពុជារាប់លាននាក់ បានរស់រៀនមានជីវិត និងមានការអភិវឌ្ឍមកដល់សព្វថ្ងៃ។

ជុំវិញបញ្ហាទាំងនេះផងដែរ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នឹងបង្កើតនូវមូលនិធិមួយទៀតសម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមានឈ្មោះថា មូលនិធិគន្ធបុប្ផាកម្ពុជា ដោយសម្ដេចនឹងធ្វើជាប្រធានកិត្តិយសតែម្ដង។

សូមបញ្ជាក់ថា កាលឆ្នាំ២០១៧ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់សេវាថែទាំសុខភាពជូនកុមារកម្ពុជាចំនួន ៩០៩.១៩២នាក់ សម្រាកព្យាបាលជំងឺចំនួន១៦៧.៧៩០នាក់ វះកាត់ចំនួន២៦ ៤៤២នាក់ និងការវះកាត់បេះដូង-ភ្ជិត ប្រហោងបេះដូង តាមសរសៃឈាមកាតេទែរ បានចំនួន៤១៣នាក់ ដោយចំណាយថវិកាអស់ប្រមាណ ៣៦លានដុល្លារ ។ មន្ទីរពេទ្យគុន្ធបុប្ផា បានចាប់ផ្តើមបង្កើតឡើងនៅកម្ពុជានាឆ្នាំ១៩៩២ម្ល៉េះ ។ មន្ទីរពេទ្យគន្ធបុប្ផា ដំណើការទៅបានដោយមូលនិធិគន្ធបុប្ផា ដោយទទួលបានជំនួយមួយផ្នែកធំពីរដ្ឋាភិបាល និងពលរដ្ឋស្វីស ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា និងការឧបត្ថម្ភមួយចំនួនទៀត ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor