
ភ្នំពេញៈ ដូចការកំណត់ទុក នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ ព្រឹទ្ធសភា បានបន្តសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ របស់ខ្លួន ហើយបានលើកយកសេចក្តីស្នើច្បាប់សំខាន៤ មកពិភាក្សា និងអនុម័ត ដោយមានសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ចូលរួមផងដែរ តែមិនបានចូលរួមពិភាក្សា ឬ គាំទ្រលើការអនុម័តច្បាប់ណាមួយទេ រួមទាំងវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ ដែលត្រូវកំណត់ទោសទណ្ឌចំពោះអ្នករំលោភ ឬ ប្រមាថ អង្គព្រះមហាក្សត្រ។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់នៅក្រោយកិច្ចប្រជុំនោះថា សមជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បានចូលរួមប្រជុំ តែពួកគាត់មិនបានចូលរួមពិភាក្សា អនុម័ត ឬគាំទ្រ លើសេចក្តីព្រាងច្បាប់និមួយៗទេ។ គេឃើញតែសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជាចំនួន៤៥រូបប៉ុណ្ណោះ ដែលបានគាំទ្រ លើការអនុម័តសេចក្តីស្នើច្បាប់ ពិសេស ការធ្វើវិសោធនកម្មច្បាប់ ព្រហ្មទណ្ឌ ដែលកំណត់ទោសទណ្ឌ ចំពោះបុគ្គលណាដែលប្រមាថ អង្គព្រះមហាក្សត្រ។
លោក ម៉ម ប៊ុននាង បញ្ជាក់ទៀតថា ការមិនបានគាំទ្ររបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី នេះបានបង្ហាញឱ្យពលរដ្ឋមើលឃើអយ៉ាងច្បាស់ពីចេតនា ដែលខ្លួនធ្លាប់មានបំណងរំលោភបំពាន ហើយនៅតែបន្តការរំលោភបំពាន និងប្រមាថ ទៅលើអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជា។ ទើបគេមិនគាំទ្រឱ្យមានច្បាប់កំណត់ ឬ ដាក់ទោសទណ្ឌ ចំពោះបុគ្គលណាដែលបានធ្វើខុសពីច្បាប់ខាងលើនេះ។
អ្នកនាំពាក្សព្រឹទ្ធសភារូបនេះ ក៏បានបញ្ជាក់ផងដែរថា ក្រោយពេលច្បាប់នេះ ចេញជាធរមាន នឹងមានកំណត់ទោសទណ្ឌយ៉ាងច្បាស់លាស់ ចំពោះបុគ្គល ដែលបានប្រព្រឹត្តនូវការប្រមាថណាមួយចំពោះ ព្រះមហាក្សត្រ ទៅតាមបទល្មើសជាក់ស្តែង ពោលគឺ ចាប់ពី ១ឆ្នាំរហូតដល់ទៅ៥ឆ្នាំ នឹងមានដាក់ពិន័យជាប្រាក់ ទៀតផង៕
