
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថា៖ គណបក្សសង្គ្រោះជាតិដែលមានអាសនៈចំនួន៥៥ នៅក្នុងរដ្ឋសភា និងតំណាងឱ្យប្រជាពលរដ្ឋខ្មែរកន្លះប្រទេស បដិសេធដាច់អហង្ការចំពោះកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ វិសោធនកម្មក្រមព្រហ្មទណ្ឌ សេចក្តីព្រាងច្បាប់ស្តីអំពីការរៀបចំនិងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់យល់ព្រមលើកិច្ចព្រមព្រៀងស្តីអំពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ពីព្រោះរដ្ឋសភាបច្ចុប្បន្ន ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តំណាងឆន្ទៈប្រជាពលរដ្ឋខ្មែរស្របតាមរដ្ឋធម្មនុញ្ញឡើយ។
សេចក្តីថ្លែងការណ៍បន្តទៀតថា៖ គណបក្សសង្គ្រោះជាតិយល់ឃើញថាដំណើរការរដ្ឋសភាបច្ចុប្បន្ន នេះអធម្មនុញ្ញភាពព្រោះសមាជិក៥៥រូប ក្នុងចំណោម១២៣រូប គឺពុំមែនកើតចេញពីការបោះឆ្នោតជ្រើសតាំងដោយផ្ទាល់ពីប្រជាពលរដ្ឋស្រមតាមធម្មនុញ្ញ គឺជាសមាជិកកើតចេញពីការចាត់តាំងបន្ទាប់ពីប្លន់ឆន្ទៈប្រជាពលរដ្ឋខ្មែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
