
យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់មហាអយ្យការអមតុលាការកំពូល នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ បានឱ្យដឹងថា រឿងក្តីលោក អ៊ុំ សំអាន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវតុលាការកំពូល បើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៨:០០ ព្រឹក ខាងមុខនេះ ។

សមាសភាពនៃសវនាការនេះមាន ៖ លោក ឃឹម ប៊ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សឹង បញ្ញាវឌ្ឍ លោក យស់ សូខឿន លោក តែ សំអាង លោកស្រី ខៀវ សុខា ជាចៅក្រម និង លោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យការ ។
គួរបញ្ជាក់ថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោស លោក អ៊ុ សំអាន ដាក់ ពន្ធនាគារ រយៈពេល ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ចំនួន ៤លានរៀល ក្រោមការចោទប្រកាន់ ចំនួនពីរបទល្មើស ។
តុលាការ រកឃើញថា លោក អ៊ុ សំអាន មានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងញុះញង់ ឱ្យមានការរើសអើងជាតិសាសន៍ តាម រយៈការសរសេរ និង អត្ថាធិប្បាយ ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែន កម្ពុជា វៀតណាម ។
លោក អ៊ុ សំអាន ជាប់ចោទចំនួន ពីរ បទល្មើស គឺ បទ ញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបទញុះញង់ ឱ្យមានការរើសអើង តាមមាត្រា ៤៩៥ និង៤៩៦ នៃ ក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូត ដល់ ថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០១៦។
