
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងនៅលើទំព័រផេកហ្វេសប៊ុករបស់សម្តេចនៅព្រឹកថ្ងៃ៥ ខែកុម្ភៈ ថា "បងប្អូនគ្មានត្រូវការសាកល្បងផ្លាស់ប្តូរអ្វីទៀតទេ ព្រោះពេលនេះ បងប្អូនបានរស់នៅសុខស្រួលហើយ"។ ទន្ទឹមនឹងនេះ បងប្អូនជនរួមជាតិក៏បានដឹងច្បាស់ហើយថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាពពិតក្នុងការថែរក្សាការពារសន្តិភាព នឹងផ្តល់ឱកាសពិតប្រាកដដល់ពលរដ្ឋ។
សម្តេចតេជោ បានលើកឡើងទៀតថា បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃ គឺឆ្អែតធុញទ្រាន់នឹងសង្រ្គាម មិនចង់ឮ មិនចង់រំឮកដល់ឡើយ។ នៅគ្រប់ទីកន្លែង គឺប្រជាពលរដ្ឋសប្បាយរីករាយក្នុងការរស់នៅជួបជុំក្រុមគ្រួសារ មានឱកាសគ្រប់យ៉ាងក្នុងការប្រកបមុខរបរ និងការងារតូចធំតាមចំណង់ចំណូលចិត្ត និងធ្វើដំណើរទេសចរណ៍កម្សាន្តជិតឆ្ងាយដោយគ្មានការភ័យខ្លាច។
ជាមួយគ្នានេះដែរសម្តេចតេជោ បានអរគុណបងប្អូនជនរួមជាតិ និងសមាជិកសមាជិកា ដែលតែងតែគាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជន។
សូមជូនពរបងប្អូនជួបប្រទះតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាកុំបីខាន ជាពិសេសទទួលបានលាភសំណាងនិងហេងៗក្នុងថ្ងៃចូលឆ្នាំចិនខាងមុខនេះ៕
