Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ក្រុមអ្នកអភិរក្សរបស់រដ្ឋបាល ជលផល អង្គការ WCS និងប្រជាជនសហគមន៍ បានរកឃើញអណ្តើកហ្លួង ចំនួន១សម្បុក​មានពងចំនួន១៦គ្រាប់ នៅប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

អង្គការ WCS បានផ្តល់ការងារដល់សមាជិកសហគមន៍ចំនួន៤នាក់ឲ្យយាមសម្បុកអណ្តើកហ្លួងនេះ រហូតដល់កូនវាញាស់។ វាគឺជាសម្បុកអណ្តើកហ្លួង ទី១ ដែលរកឃើញនៅក្នុងឆ្នាំ២០១៨នេះ។

អណ្តើកហ្លួង ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត និងស្ថិតក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុង រងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើពិភពលោក។ ការដាក់ឈ្មោះអណ្តើក ហ្លួងយ៉ាងដូច្នេះ ពីព្រោះកាលពីមុនមានតែគ្រួសាររាជ្យវង្សប៉ុណ្ណោះ ដែលអាចសោយពងវាបាន។ ព្រះរាជក្រឹត្យនស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ បានដាក់បញ្ចូលអណ្តើកហ្លួងជាប្រភេទ សត្វល្មូនតំណាងឲ្យប្រទេសកម្ពុជា។

លោក អ៊ិន ហ៊ុល មន្ត្រីរដ្ឋបាលជលផល និងជាមន្ត្រីសមភាគីរបស់អង្គការ WCS បាននិយាយថា ចាប់ពីពេលនេះរហូតដល់ខែមីនា គឺជារដូវការ ពងកូនរបស់សត្វអណ្តើកហ្លួង ដូច្នេះហើយក្រុមអ្នកអភិរក្សកំពុង តែស្វែងរកទីតាំងសំបុកពងកូនរបស់ពួកវា។ ប្រសិនបើរកឃើញ យើងនឹងធ្វើការជាមួយប្រជាជនសហគមន៍ ដើម្បីការពារ រហូតដល់កូនវាញាស់ ហើយយើងនឹងយកកូនអណ្តើកហ្លួង ទាំងនោះទៅកាន់មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង ដើម្បីចិញ្ចឹម និងថែរក្សា រហូតដល់ពួកវាធំពេញវ័យទើបលែងទៅក្នុង ធម្មជាតិវិញ 

លោក ហ៊ុល បានបន្ថែមថា ក្រុមការងារបានធ្វើការផ្សព្វផ្សាយដល់ប្រជាសហគមន៍ រស់នៅតាមប្រព័ន្ធព្រែកស្រែអំបិលដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីសារៈសំខាន់សត្វអណ្តើកហ្លួង ដែលជាសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជា ហើយកំពុងតែរងគ្រោះជិតផុតពូជ។ ការប្រមូលយកពងកូន ឬចាប់យក មេអណ្តើកហ្លួងមកលក់ ឬហូប គឺជាសកម្មភាពខុសច្បាប់នៃ  កម្ពុជា។

អណ្តើកហ្លួងធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០នៅពេលរដ្ឋបាលជលផល និងអង្គការWCS បានសិក្សាស្រាវជា្រវ និងរកឃើញចំនួនសេសសល់តិចតួច របស់វាមានរស់នៅតាមប្រព័ន្ធព្រែកស្រែអំបិលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។

នៅក្នុងឆ្នាំ២០០១ រដ្ឋបាលជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសំបុក ដោយមានការចូលរួមពីប្រជាជន សហគមន៍រស់នៅក្នុងស្រុកស្រែអំបិល ដោយបានជ្រើសរើសយកអតីត អ្នកប្រមូលពង និងកូនសត្វអណ្តើកហ្លួង ឲ្យចូលបម្រើការងារជាបុគ្គលិក គម្រោងដើម្បីស្វែងរក និងការពារសំបុកសត្វអណ្តើកហ្លួងជំនួស ឲ្យការប្រមូលយកពងកូនទៅលក់។

លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សប្រចាំខេត្ត កោះកុងនៃអង្គការ WCS បានលើកឡើងថា ទោះបីទទួលបានជោគជ័យ ក្រោយពេលរកឃើញពួកវាម្តងទៀតនៅក្នុងឆ្នាំ២០០០ អណ្តើកហ្លួងនៅតែ ប្រឈមនឹងការផុតពូជ សំបុកពងកូនរបស់វារកឃើញជារៀងរាល់ឆ្នាំ មានចំនួនតិចតួចណាស់ ដោយសម្បុកកពងអណ្តើកហ្លួងតែ៣ប៉ុណ្ណោះ រកឃើញសម្រាប់រយៈពេល២ឆ្នាំចុងក្រោយនេះ។

លោក ស៊ីថា បានបន្តថា ការកាប់បំផ្លាញព្រៃលិចទឹកជាទីជម្រក និងការនេសាទខុសច្បាប់ កំពុងតែបង្កហានិភ័យខ្ពស់ដល់រស់ នៅការរបស់សត្វអណ្តើកហ្លួង។ ប្រជាជនគ្រប់រូបក៏អាចចូលរួមអភិរក្ស អណ្តើកហ្លួងដែលជាសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជាបាន ដោយបញ្ឈប់ការទិញ ឬបរិភោគសាច់ និងពងសត្វអណ្តើកហ្លួងជាដើម ។ នេះបើយោងតាមការចេញផ្សាយរបស់ អង្គការសមាគម អភិរក្ស សត្វព្រៃ (Wildlife Conservation Society-WCS) ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor